ក្រុម FC Barcelona ធ្វើបានត្រឹមស្មើ ០-០ ប៉ុណ្ណោះក្នុងការប្រកួត La Liga ទល់នឹងក្រុម Cadiz សប្តាហ៍ទី៥យប់មិញ ដែលធ្វើឱ្យអ្នកចាត់ការ Ronald Koeman កាន់តែមានសម្ពាធ និងប្រឈមមុខត្រូវក្លិបបណ្តេញចេញ។
Frenkie de Jong ទទួលបានកាតក្រហម ធ្វើឱ្យក្រុមភ្ញៀវ Barcelona ដល់គ្នាត្រឹម១០នាក់ នៅ២៥នាទីចុងក្រោយ។ Barcelona ឈ្នះតែ២ប្រកួតប៉ុណ្ណោះ ក្នុងការប្រកូួត La Liga ៥ប្រកួតរដូវកាលនេះ ដោយក្នុងនោះស្មើ៣ និងចាញ់ Bayern Munich ៣-០ នៅ UEFA Champions League ទៀតផង។ សម្រាប់ការប្រកួតយប់មិញ អ្នកចាត់ការ Koeman បានខឹងនឹងអាជ្ញាកណ្តាលយ៉ាងខ្លាំង ដែលផ្តល់កាតលឿងឱ្យ De Jong ២លើក ត្រឹមពេល៤នាទី។
បុរសសញ្ជាតិហូឡង់ បានប្រាប់ដល់ La Liga TV ថា៖ “បញ្ហាមួយនៅអេស្ប៉ាញគឺ ពួកគេបណ្តេញយើងចេញដោយគ្មានមូលហេតុ។ ពួកគេមិននិយាយហេតុផល ពួកគេគ្រាន់តែនិយាយថាមកពីឥរិយាបថ។ គ្រប់គ្នាបានឃើញហេតុការណ៍នោះហើយ។ សម្រាប់ខ្ញុំ ខ្ញុំរឹងមាំគ្រប់គ្រាន់។ ខ្ញុំមិនអាចយកឈ្នះសារព័ត៌មានទេ។ ខ្ញុំនឹងយកថាមពលដើម្បីជួយក្រុមនិងកីឡាករទាំងអស់។ ខ្ញុំមិនអាចបញ្ឈប់សារព័ត៌មានមិនឱ្យសរសេរអ្វីនោះទេ។ យើងត្រូវតែបន្តទៅមុខ នោះជាការងាររបស់ខ្ញុំ”៕
ប្រភព៖ BBC