Ole Gunnar Solskjaer អ្នកចាត់ការក្រុម Manchester United បានសរសើរ David de Gea ថាជាអ្នកចាំទីល្អបំផុតលើពិភពលោក បន្ទាប់ពីរួមចំណែកជួយឱ្យបិសាចក្រហម ឈ្នះ Villarreal ២-១ ក្នុងការប្រកួត UEFA Champions League នៅ Old Trafford កាលពីយប់មិញ។
អ្នកចាំទីជម្រើសជាតិអេស្ប៉ាញ De Gea បានសង្គ្រោះបាល់បាន៦លើក ក្នុងការប្រកួតដ៏តានតឹងយប់មិញ។ ក្រោយចប់ការប្រកួត អ្នកចាត់ការ Solskjaer យល់ថា កីឡាកររូបនេះគឺជាកីឡាករដែលលោកយល់ថាលេងល្អបំផុតក្នុងប្រកួតនេះ (Man of the Match) សម្រាប់រូបលោក ខណៈដែល Cristiano Ronaldo ជាអ្នកស៊ុតគ្រាប់ជ័យជម្នះ នៅនាទី៩០+៥។
Solskjaer បាននិយាយថា៖ “អរគុណណាស់ ដែលយើងមានអ្នកចាំទីល្អបំផុតលើពិភពលោកនៅយប់នេះ។ De Gea ពិតជាអស្ចារ្យណាស់។ គាត់ជួបភាពលំបាកកាលរដូវក្តៅ។ គាត់ទៅ Euro តែមិនបានលេងនោះទេ ប៉ុន្តែគាត់ត្រឡប់មកវិញជាមួយនឹងការប្តេជ្ញាចិត្តខ្ពស់ ហើយខិតខំខ្លាំងណាស់។ នោះជាអ្វីដែលខ្ញុំពេញចិត្ត។ ជាថ្មីម្តងទៀត គាត់ស័ក្តិសមទទួលបានលទ្ធផលនេះ”៕
ប្រភព៖ Goal