តាមរយៈការផ្តួលកីឡាករ Deontay Wilder ឲ្យសន្លប់ក្នុងទឹកទី១១ កំពូលអ្នកប្រដាល់អង់គ្លេស Tyson Fury ជាស្តេចទម្ងន់យក្សលើលោកដែលមិនទាន់ស្គាល់បរាជ័យម្តងណាឡើយក្នុងអាជីពរបស់ខ្លួន។
(កីឡាករ Tyson Fury លើកដៃថា ខ្លួនលេខ១លើលោក )
សម្រាប់ការឡើងសង្វៀនកាលពីថ្ងៃអាទិត្យម្សិលមិញនេះ Fury មិនត្រឹមតែការពារខ្សែក្រវាត់ទម្ងន់ធ្ងន់ពិភពលោក WBC របស់ខ្លួនបានជោគជ័យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការផ្តួល Deontay Wilder ឲ្យសន្លប់លើកទី២ ក្នុងចំណោមជួបគ្នា៣លើកដែលលើកទី១ស្មើគ្នាទាំងចម្រូងចម្រាស។
(កីឡាករ Tyson Fury វាយលើ Deontay Wilder)
ជើងខ្លាំងអង់គ្លេសរហស្សនាម Gypsy King បានបញ្ឈប់ Wilder នៅនាទីទី១:១០ ក្នុងទឹកទី១១ បន្ទាប់ពីតស៊ូគ្នាដ៏ស្វិតស្វាញ និងជក់ចិត្តនៅសង្វៀន T-Mobile Arena ក្នុងរដ្ឋឡាស វេហ្គាស សហរដ្ឋអាមេរិកកាលពីថ្ងៃអាទិត្យ ទី១០ ខែតុលា ឆ្នាំ២០២១។ សម្រាប់ការជួបគ្នា៣លើកកន្លងមក Wilder ធ្លាប់បានវ៉ៃ Fury ដួល៤លើក ប៉ុន្តែកីឡាករអង់គ្លេសនេះបានងើបមកវិញ ហើយតស៊ូរហូតទទួលបានជ័យជម្នះ និងទាន់ស្គាល់បរាជ័យក្រោមស្នាដៃរបស់ដៃគូម្នាក់នេះឡើយ។
(កីឡាករ Tyson Fury ត្រូវបាន Deontay Wilder វាយឲ្យដួល)
តាមរយៈជ័យជម្នះនេះ កីឡាករអង់គ្លេសអាយុ៣៣ឆ្នាំ កម្ពស់ ២.០៦ម៉ែត្របានក្លាយជាកំពូលអ្នកប្រដាល់ទម្ងន់យក្សនាសម័យបច្ចុប្បន្ននេះដែលមិនទាន់ស្គាល់បរាជ័យម្តងណាឡើយពោលគឺប្រកួត៣២ដង ឈ្នះ៣១ដង និងស្មើ១ដងប៉ុណ្ណោះ។
(កីឡាករ Tyson Fury វាយ Deontay Wilder ឲ្យដួល)
Fury បាននិយាយថា ៖«ខ្ញុំធ្វើបានល្អណាស់។ ខ្ញុំឈឺចាប់។ Wilder មានកណ្តាប់ដៃខ្លាំងណាស់ ហើយជាអ្នកប្រដាល់ដ៏រឹងមាំ។ ខ្ញុំជាកំពូលអ្នកប្រដាល់ឆ្នើមលើលោក ហើយគាត់ជាកំពូលអ្នកប្រដាល់ឆ្នើមលើលោកលំដាប់ទី២»។
(កីឡាករ Tyson Fury វាយ Deontay Wilder ឲ្យដួល)
Tyson Fury បានផ្តួលកីឡាករទម្ងន់ធ្ងន់ឆ្នើមៗជាច្រើននាក់មកហើយដូចជា Wladimir Klitschko, Derek Chisora, Otto Wallin, Tom Schwarz, Francesco Pianeta ជាដើម។ បច្ចុប្បន្ននេះ លោកកំពុងគ្រប់គ្រងខ្សែក្រវាត់ពិភពលោក WBA (Super), IBF, WBO, IBO និងThe Ring ចាប់តាំងពីផ្តួល Wladimir Klitschko ក្នុងឆ្នាំ២០១៥មក។ ជាមួយនឹងការផ្តួល Wilder, ជើងខ្លាំង Fury បានក្លាយជាកីឡាករទម្ងន់យក្សលំដាប់ទី៣ បន្ទាប់ពី Floyd Patterson និង Muhammad Ali ដែលគ្រប់គ្រងខ្សែក្រវាត់ The Ring ពីរលើក៕
(កីឡាករ Tyson Fury វាយជាមួយ Wladimir Klitschko )
ប្រភព៖ bleacherreport