អ្នកប្រដាល់ សុខ ធី និងបងប្រុសបង្កើតរបស់ខ្លួន សុខ រិទ្ធ បានឲ្យឪពុកម្តាយរបស់ខ្លួនឈប់ធ្វើការហើយ ដោយពួកគេចែករំលែកគ្នាចិញ្ចឹម។
កាលពីថ្ងៃទី១០ ខែតុលា កន្លងទៅថ្មីៗនេះ សុខ ធី បានឡើងប្រកួត និងសងសងសឹកកីឡាករថៃ ចាវ សឿយ៉ៃ បានសម្រេចដោយពិន្ទុ បន្ទាប់ពីរូបគេធ្លាប់ចាញ់ក្នុងទឹកទី៤ម្តងដោយសាររភ្លាត់ស្នៀត។
បន្ទាប់មក រូបគេបានផ្ញើលុយចំនួន១០២០០បាតពីប្រទេសថៃជូនឪពុកម្តាយរបស់ខ្លួននៅខេត្តបន្ទាយមានជ័យ ប្រទេសកម្ពុជា។ សុខ ធី បាននិយាយថា ៖«ពុកម៉ែខ្ញុំចាស់ហើយ។ ឈប់ឲ្យពួកគាត់ធ្វើការហើយ ហើយខ្ញុំនិងប្រុស (សុខ រិទ្ធ) នាំគ្នាចែករំលែកប្រាក់បានពីប្រកួតជួយចិញ្ចឹមពួកគាត់»។
ឪពុកម្តាយរបស់អ្នកប្រដាល់គុនខ្មែរទាំងពីរជាទូទៅធ្វើនៅថៃរាប់ឆ្នាំដែលបានធ្វើឲ្យ សុខ ធី និង សុខ រិទ្ធ មានឱកាសហ្វឹកហាត់ប្រដាល់ ហើយចាប់យកអាជីពប្រដាល់រហូតល្បីល្បាញទាំងនៅប្រទេសកម្ពុជា និងក្រៅប្រទេស។
សុខ ធី អត់បានឡើងប្រកួតជាច្រើនខែ ដូច្នេះរូបគេក៏ជួបការលំបាកក្នុងការចំណាយដែរ។ អ្នកលេងគុនខ្មែររូបនេះឲ្យដឹងថា ៖«ខ្ញុំខ្វះខាតដែរ ហើយក៏ពិបាកខ្លាំងដែរ។ លុយដែលសន្សំពីការប្រកួតមុនៗត្រូវចំណាយត្បិតត្បៀតក្នុងពេលកូវីដ»។
យ៉ាងណា សុខ រិទ្ធ ដែលជាបងប្រុសបានត្រឡប់ចូលមកប្រទេសកម្ពុជាវិញជាច្រើនខែហើយ ហើយក៏បានឡើងប្រកួតជាមួយមិត្តរួមជាតិជាបន្តបន្ទាប់ដែរ។ ដូច្នេះរូបគេក៏ចែករំលែកដល់ឪពុកម្តាយដែរ។
ក្រោយពេលបានប្រកួតនៅដើមខែតុលានេះ សុខ ធី បានប្រាប់ថា ៖«ថ្វីបើការប្រកួតបិទទ្វារ និងត្រួតពិនិត្យច្រើនដំណាក់កាលមុនប្រកួត តែក៏ល្អជាងអត់បានឡើងប្រកួតដែរ។ ខ្ញុំសង្ឃឹមថា ចាប់ពីពេលនេះទៅ ខ្ញុំសង្ឃឹមទទួលបានឱកាសប្រកួតញឹកញាប់ ហើយក៏អាចចេញទៅប្រកួតនៅ ONE Championship ដែរ»៕