កម្ពុជាក្នុងនាមម្ចាស់ផ្ទះបានកំពុងដុតដៃជើងដើម្បីរៀបចំខ្លួនសម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ដែលកាន់តែខិតជិតចូលមក។
បើផ្អែកលើស្ថានភាពជាក់ស្តែងចំពោះហេដ្ឋារចនាសម្ព័ន្ធប្រហែលជាមិនមែនជាបញ្ហាចោទធំសម្រាប់កម្ពុជាដែលទទួលធ្វើម្ចាស់ផ្ទះលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ខ្លួនទេ ប៉ុន្តែសម្រាប់គុណភាពកីឡាករ ចៅក្រម អាជ្ញា និងធនធានមនុស្សប្រហែលជាលំបាកដើម្បីធ្វើយ៉ាងណាឲ្យប្រកួតប្រជែងទទួលបានមេដាយច្រើនជាងគេ។
រហូតមកដល់ពេល ពហុកីឡដ្ឋានមរតកតេជោត្រូវបានកសាងរួចរាល់ហើយសម្រាប់ធ្វើជាទីកន្លែងបើក-បិទ និងប្រកួត ហើយទីលានកីឡាផ្សេងៗទាំងក្នុងសាល ក្រៅសាល ឬលើទឹកទៀតក៏មានជាបណ្តើរៗហើយ។
ចំណែកទីកន្លែងស្នាក់នៅប្រហែលជាត្រូវការកសាងបន្ថែមទៀត ឬប្រើប្រាស់សណ្ឋាគារឯកជនដែលមានស្រាប់ក៏អាចទៅរួច។ ជាក់ស្តែងនៅព្រឹកថ្ងៃអង្គារ៍ ទី១៩ ខែតុលានេះ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណកម្មាធិការជាតិអូឡាំពិកកម្ពុជាបានបង្ហាញឈ្មោះសណ្ឋាគារធំទំនើបពីរកន្លែងសម្រាប់ទទួលភ្ញៀវជាតិ និងអន្តរជាតិ។
ទី១គឺ សណ្ឋាគារ ហ្គាឌិនស៊ីធី ដែលមានទីតាំងស្ថិតនៅជិតនឹងពហុកីឡដ្ឋានជាតិមរតកតេជោស្រាប់ដែលនឹងប្រើប្រាស់សម្រាប់ធ្វើជាការិយាល័យកណ្តាលនៃក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ ដែលជាការិយាល័យធំសម្រាប់ការរៀបចំការប្រកួតកីឡាស៊ីហ្គេម។
ទី២ គឺសណ្ឋាគារ សុខា ក៏ជាកន្លែងត្រៀមទទួលភ្ញៀវកិត្តិយសថ្នាក់ខ្ពស់ៗ ដូចជាប្រមុខរដ្ឋ និងប្រមុខរាជរដ្ឋាភិបាលនៃបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ព្រមទាំងត្រៀមទទួលប្រធានអូឡាំពិកអន្តរជាតិ ប្រធានអូឡាំពិកអាស៊ី និងប្រតិភូសហព័ន្ធកីឡាអន្តរជាតិមកពីជុំវិញពិភពលោក ដែលមកជួយដល់ការរៀបចំស៊ីហ្គេមនៅកម្ពុជា៕
ប្រភព៖ Cambodia SEA GAMES 2023