ប៊ុន សុធា បើចង់ឈ្នះ បឹត សង្ឃឹម ត្រូវចោលចំណុចនេះ

អ្នក​ប្រដាល់វ៉ៃ​មិន​ចេះ​ថយ ប៊ុន សុធា បាន​ចាញ់​ពិន្ទុ បឹត សង្ឃឹម ក្នុង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ខ្សែ​ក្រវាត់​​ដែល​មាន​ប្រាក់​រង្វាន់​១​ម៉ឺន​ដុល្លារ​អាមេរិក​នៅ​សង្វៀន PNN កាល​ពី​ថ្ងៃ​អាទិត្យ ទី​១៤ ខែ​វិច្ឆិកា កន្លង​ទៅ​នេះ។

ប៊ុន សុធា អាច​និយាយ​បាន​ថា កីឡាករ​ដែល​មាន​កេរ្តិ៍​ឈ្មោះ និង​ឡើង​ខ្លាំង​យូរ​ច្រើន​ឆ្នាំ​ហើយ ខណៈ​ បឹត សង្ឃឹម ទើប​តែ​២​ឆ្នាំ​ចុង​ក្រោយ​នេះ​ឡើង​កូដ​ខ្លាំង។ អ្នក​ទាំង​ពីរ​នេះ​កម្រ​ប៉ះ​គ្នា​ណាស់​ ពី​ព្រោះ​រាប់​អាន​គ្នា​ដូច​បង​ប្អូន។

យ៉ាង​ណា​កម្មវិធី​ប្រកួត​ដែល​ត្រូវ​បាន​រៀប​ចំ​គឺ​កីឡាករ​ទាំង​ពីរ​បាន​បញ្ចេញ​អស់​ពី​សមត្ថភាព​ហើយ​ពី​មិន​មែន​ជា​ការ​ប្រកួត​មិត្ត​ភាព​ទេ​គឺ​ជា​ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់ហើយ​មាន​ប្រាក់​រង្វាន់​ច្រើន​ថែម​ទៀត។

បើ​និយាយ​ពី​បច្ចេកទេស​នៅ​លើ​សង្វៀន​វិញ ប្រសិន​បើ ប៊ុន សុធា នៅ​តែ​បន្ត​ប្រើ​ស្នៀត​ដូច​បច្ចុប្បន្ន​​នេះ​គឺ​​ពិបាក​យក​ឈ្នះ បឹត សង្ឃឹម​ ណាស់។ បញ្ហា​ស្ថិត​នៅ​ត្រង់​ថា ប៊ុន សុធា ប្រើ​កម្លាំង​បាយ​សម្រុក​ចូល​វ៉ៃ ខណៈ បឹត សង្ឃឹម ប្រើ​ប្រាជ្ញា​ស្មារតី។

វា​អាចថា នេះ​ជា​ក្បាច់​​ប្រចាំ​ត្រកូល​របស់ ប៊ុន សុធា ពី​ព្រោះ​តាំង​ពី​ដើម​មក រូប​គេ​ជា​ប្រភេទ​កីឡា​ករ​មានទឹក​ចិត្ត​មិនចុះ​ញម​ដៃ​គូ។ រាល់​ការ​ប្រកួត​រូប​គេ​​បោះ​ជំហាន​ឆ្ពោះ​ទៅ​មុខ​ជា​និច្ច​ជា​មួយ​នឹងការ​ប្រើ​កែង​ដ៏​គ្រោះ​ថ្នាក់​ពី​ចម្ងាយ ប៉ុន្តែ​កម្រ​មាន​ប្រសិទ្ធភាព ពី​ព្រោះ​ដៃ​គូ​ដឹង​ស្រេច​ទៅ​ហើយ ដូច្នេះ​ដៃ​គូ​ការពារ និង​គេច​ផុត​រហូត។ ចំណែក​កណ្តាប់​ដៃ និង​ទាត់​ក៏​មិន​សូវ​ច្បាស់​ថែម​ទៀត ហើយ​ជង្គង់​ធ្វើ​អី​គេ​មិន​កើត​ទេ​រាល់​ពេល​អោប​ដៃ​គូ​បិទ​ជាប់។

ចំណែក បឹត សង្ឃឹម ស្ថិត​ក្រោម​ការ​បង្វឹក​របស់​លោក​ គ្រូ បឹត ខាំ ដែលល្បី​​ខាង​វ៉ៃ​បច្ចេកទេស និង​ប្រើ​ភាព​រហ័ស​រហួន​នោះ​គឺ​ពិត​ជា​ខុស​ពី​គ្រូ​ខ្លួន​ប៉ុន្មាន​ឡើយ ហើយ​ប្រើ​បច្ចេកទេស និង​ប្រាជ្ញា​ពិត​ៗ​តែ​ម្តង។

យុទ្ធសាស្ត្រ​របស់ បឹត សង្ឃឹម គឺ​គេច​ខ្លួន ការពារ និង​វ៉ៃ​បក​ឲ្យ​លឿន​ៗ​តាម​រយៈ​ឆក​កណ្តាប់​ដៃ និង​ទាត់ ហើយ​បើ​ត្រូវ​រុល​ចូល​គឺ​ចូល​ប្រាវ​ដោយ​ដៃ​គូ​ស្ទើរ​ចាប់​អារម្មណ៍​មិន​ទាន់។ កីឡាករ​ដែល​ប្រើ​បច្ចេកទេស​បែប​នេះ​គឺ​ដៃគូ​ពិបាក​វ៉ៃ​ត្រូវ​ណាស់ ប៉ុន្តែ​កីឡាករ​ប្រភេទ​នេះ​កម្រ​វ៉ៃ​ដៃ​គូ​ឲ្យ​សន្លប់​ពោល​គឺ​ភាគ​ច្រើន​ឈ្នះ​ពិន្ទុ​ប៉ុណ្ណោះ។

ប៊ុន សុធា បើ​ចង់​ឈ្នះដៃគូ​ដូច​ជា បឹត សង្ឃឹម​ ជា​ដើម​គឺ​ត្រូវ​ប្រើ​យុទ្ធសាស្ត្រ​ការពារ និង​វ៉ៃ​បក​ឲ្យ​បាន​លឿន ហើយ​ដាច់​ខាត​មិន​ត្រូវ​ប្រើ​កម្លាំង​សម្រុក​ចូល​​នោះ​ទេ ពី​ព្រោះ​ត្រូវ​ចាំ​ថា អ្នក​ប្រើ​កម្លាំង​សម្រុក​ចូល​ច្រើន​តែ​ចន្លោះ​ប្រហោង​ការពារ​ដូច្នេះ​ត្រូវ​ដៃ​គូ​វ៉ៃ​បក​ត្រូវ​មិន​ខាត​ឡើយ៕

  • អត្ថ​បទ​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ SPORTREFRESH