ស្ថានីយ៍ទូរទស្សន៍ជាតិកម្ពុជា (ទទក) នឹងបើកសង្វៀនប្រដាល់ជាផ្លូវការនាថ្ងៃទី១៦ ខែធ្នូ ខាងមុខនេះដែលបានក្លាយជាការរៀបចំដោយខ្លួនឯងលើកដំបូងក្នុងរយៈពេល៣០ឆ្នាំចុងក្រោយនេះ។
តាមការឲ្យដឹងពីអ្នករៀបចំថា កម្មវិធីប្រកួតឈ្មោះ TVK Fighter ដែលនឹងធ្វើការប្រកួតរាល់កន្លះខែម្តងពោលគឺ២ដងក្នុងរយៈពេលមួយខែ។ ការបើកទំព័រជាប្រវត្តិសាស្ត្រលើកដំបូងនឹងប្រព្រឹត្តនាថ្ងៃទី១៦ ខែធ្នូ និងលើកទី២ថ្ងៃទី៣០ ខែធ្នូ។
ប្រភពពីអ្នករៀបចំកម្មវិធីបានឲ្យដឹងថា កម្មវិធីនេះផ្តោតលើគុណភាព និងស្តង់ដារអន្តរជាតិដែលនឹងក្លាយជាងថ្នាលដុសខាតកីឡាករ កីឡាការិនីឲ្យមានជំនាញ បច្ចេទេស និងយល់ច្បាប់ទម្លាប់ប្រកួតលក្ខណៈអន្តរជាតិ។
ការប្រកួតនឹងលាយចម្រុះដោយមានប្រដាល់គុនខ្មែរ ប្រដាល់សកល និងឃីកបុកសីង។ ក្នុងនោះនឹងរៀបចំឲ្យមានការប្រើប្រកួតប្រើហ្គង់ដៃ និងរំអំបោះឆៅ។ កីឡាប្រដាល់សេរី សកល និងឃីកបុកសីងនេះមានទីផ្សារច្រើនលើឆាកអន្តរជាតិរាប់ទាំងការប្រកួតផ្លូវការក្នុងតំបន់ដូចជាកីឡាស៊ីហ្គេម ទ្វីបអាស៊ី និងពិភពលោកជាដើម។
សម្រាប់ជាជំហានដំបូងនេះ ការប្រកួតផ្តោតលើកីឡាករខ្មែរ ប៉ះកីឡាករខ្មែរ ដោយមិនទាន់មានផែនការនាំកីឡាករប្រទេសមកប្រកួតទេ ពីព្រោះចង់ពង្រឹងគុណភាពកីឡាករក្នុងស្រុកឲ្យបានច្រើន។
កម្មវិធីប្រកួត TVK Fighter ដែលសង្វៀនត្រូវបានរៀបចំនៅទូរទស្សន៍ជាតិកម្ពុជា ក្នុងក្រសួងព័ត៌មាន រាជធានីភ្នំពេញ បានលេចចេញជារូបរាងឡើង បន្ទាប់ពីទូរទស្សន៍ជាតិកម្ពុជាបានផ្សាយផ្ទាល់ការប្រកួតកម្មវិធីគុនខ្មែរអលស្តារវគ្គទី២។
ការបង្កើតសង្វៀនថ្មីបានធ្វើឲ្យកីឡាប្រដាល់កម្ពុជាកាន់តែសំបួរទីផ្សារឡើងប្រកួត។ ជាពិសេសសង្វៀននេះមានលក្ខណៈសម្បត្តិប្រហាក់ប្រហែលទៅនឹងសង្វៀនល្បីៗមួយចំនួននៅក្រៅប្រទេស៕
អត្ថបទ៖ ពុទ្ធិគុណ
រូបថត៖ យឹម វឌ្ឍនា និង Khemrith Reach