ក្លិប Man United បានប្រកាសអំពីការចាកចេញរបស់ Michael Carrick បន្ទាប់ពីទទួលបន្ទុកដឹកនាំ ៣ ប្រកួតមិនចាញ់សោះ។ ការចាកចេញរបស់របស់អតីតជំនួយការគ្រូបង្វឹករូបនេះ ក្រោយឈ្នះ Arsenal ៣-២ នៅទឹកដី Old Trafford យប់មិញ។ បុរសវ័យ ៤០ ឆ្នាំប្រកាសចាកចេញពីក្លិប ក្រោយរួមរស់ ១៥ ឆ្នាំ និង ជាការបង្ហាញភាពស្មោះត្រង់ចំពោះអតីតអ្នកចាត់ការ Ole Gunnar Solskjær ដែលត្រូវបានដកចេញពីតំណែងកាលខែមុន។
ជ័យជម្នះយប់មិញ រកបានដោយ Cristiano Ronaldo ២ គ្រាប់ និង ១ គ្រាប់រកបានដោយ Bruno Fernandes។ ចំណែកក្រុមភ្ញៀវរកបានដោយ Emile Smith Rowe និង Martin Ødegaard ។
ការចាកចេញរបស់ Carrick ក៏មានចំណែកការមកដល់របស់ Ralf Rangnick អ្នកចាត់ការបណ្ដោះអាសន្ន ដែលលោកបានទស្សនាជ័យជម្នះរបស់ក្លិបនៅ Old Trafford យប់មិញ។
Carrick បានថ្លែងថា ៖« ១០០% ជាការសម្រេចចិត្តរបស់ខ្ញុំ ។ ខ្ញុំគោរពដល់អ្នកចាត់ការថ្មី។ ខ្ញុំធ្វើការសម្រេចចិត្តមុនពេលនិយាយទៅកាន់គាត់។ វាមិនងាយស្រួលទេ ប៉ុន្តែ [វាជា] ការសម្រេចចិត្តត្រឹមត្រូវរបស់ក្លិប។ ភាពស្មោះត្រង់ចំពោះ Ole គឺជាកត្តារួមផ្សំ ប៉ុន្តែ មានរឿងច្រើនទៀតដែលនៅក្នុងការសម្រេចចិត្តរបស់ខ្ញុំ»។
Carrick បញ្ជាក់៖«ខ្ញុំដឹងអំពីការសម្រេចចិត្ត មុនពេលជួបពិភាក្សាផ្ទាល់ជាមួយ Ralf។ វាមិនមានរឿងផ្ទាល់ខ្លួនអ្វីទេ។ គាត់មានកីឡាករល្អៗក្នុងក្រុមដើម្បីធ្វើការជាមួយ ហើយសង្ឃឹមថា យើងនឹងរំពឹងបានលទ្ធផលល្អ»។
ក្នុងនាមអ្នកចាត់ការបណ្ដោះអាសន្ន ៣ ប្រកួត Michael Carrick ដឹកនាំក្រុមមិនចាញ់ទេ ពោល ឈ្នះ Villareal ២-០ , ស្មើ Chelsea ១-១ និង ឈ្នះ Arsenal ៣-២៕
ប្រភព៖ theguardian