Stamp បំបាក​អំនួតខ្លាញីឥណ្ឌា Ritu ត្រឹមទឹកទី២ក្លាយជាជើងឯកពិភពលោក

ជា​ច្រើន​ខែ​កន្លង​មក​ហើយ កីឡាការិនី​ឥណ្ឌា Ritu Phogat ​បាន​អួត​ក្តែង​ៗ​ថា កីឡាការិនី​ថៃ​ Stamp Fartex កំពុង​ដេក​ភ័យ​ខ្លាច​ជំនាញ​ក្រោម​របស់​នាង ដោយ​សារ​នាង​មាន​ជំនាញ​ចំបាប់​ល្អ​ជាង​​មុន​ពេល​វគ្គ​ផ្តាច់​ព្រ័ត្រ​ដណ្តើម​ខ្សែ​ក្រវាត់​ពិភព​លោក​ចាប់​ផ្តើម។

ប៉ុន្តែ​ការ​ពិត​នៅ​លើ​សង្វៀន​កាល​ពី​យប់​មិញ​នេះ​បង្ហាញ​ថា ខ្លាញី​ឥណ្ឌា​មិន​អាច​ធ្វើ​អ្វី​បាន​លើ​កីឡាការិនី​ថៃ Stamp បាន​ឡើយ​តាម​តាម​រយៈ​ជំនាញ​ក្រោម​របស់​នាង។ នៅ​ទឹក​ទី​១ ពិត​ណាស់ Ritu ចាប់​ផ្តើម​ភ្លាម​ចូល​ចាប់​ផ្តួល និង​ព្យាយាម​កាច់​ផ្តួល​ជា​ច្រើន​លើក ប៉ុន្តែ​ Stamp បាន​ទប់​ទល់​ជំនាញ​ក្រោម​យ៉ាង​ល្អ។

ក្រៅ​ពី​ការពារ​ពី​ការ​បោក​ផ្តួល​របស់​​កីឡាការិនី​ឥណ្ឌា Stamp មាន​ឱកាស​ឡើង​ជង្គង់​ជា​ច្រើន​ទៀត​ផង។ នៅ​ទឹក​ទី​១​ឃើញ​ថា កីឡាការិនី​ថៃ​រឹង​មាំ​ជាង ហើយ​ចូល​ទឹក​ទី​២ Ritu នៅ​តែ​មាន​មហិច្ឆតា​ចូល​អោប និង​ផ្តួល​ដដែល។ យ៉ាង​ណា កីឡាការិនី​ថៃ​អាច​ការពារ​បាន​យ៉ាង​ល្អ និង​រើ​បម្រះ រួច​ហើយ​យក​ជើង​កៀប​ក​របស់ Ritu មុន​ពេល​កាច់​ដៃ​រហូត​ធ្វើ​ឲ្យ​អាជ្ញា​កណ្តាល​បញ្ឈប់​ក្នុង​ទឹក​ទី​២​ដើម្បី​ឈ្នះ​ខ្សែវក្រវាត់​ពិភព​លោក Atomweight World Grand Prix ​។

សម្រាប់​ការ​ប្រកួត​នេះ Stamp មិន​បាន​ប្រើ​ជំនាញ​វ៉ៃ​ប្រយោល​ពោល​គឺ​ក្បាច់​វ៉ៃ​ឈរ​មួយ​ថៃ​របស់​នាង​ឡើង ប៉ុន្តែ​បែរ​ជាយក​ឈ្នះ​ក្បាច់​ក្រោម​ដែល​ជា​ជំនាញ​ពិត​ៗ​របស់ Ritu ទៅ​វិញ។

តាម​រយៈ​ជ័យជម្នះ​នេះ Stamp បាន​ក្លាយ​ជា​​អ្នក​ប្រដាល់​ដំបូង​គេ​​ដែល​ធ្លាប់​ឈ្នះ​ខ្សែ​ក្រវាត់​ពិភព​លោក​៣​ប្រភេទ​កីឡា​ផ្សេង​គ្នា។ នាង​ធ្លាប់​ឈ្នះ​ជើង​ឯក​មួយ​ថៃ​ពិភព​លោក និង​ជើង​ឯក​ឃីក​បុក​សីង​ពិភព​លោក ប៉ុន្តែ​ខ្សែ​ក្រវាត់​ទាំង​ពីរ​នោះ​ត្រូវ​បាន​អ្នក​ដទៃ​វ៉ៃ​ដណ្តើម​ទៅ​បាត់​ហើយ។

យ៉ាង​ណា​ការ​បោះ​ជំហាន​ចូល​អាជីព​គុន​ចម្រុះ Stamp បាន​បន្ត​ជោគជ័យ​រហូត​ក្លាយ​ជា​ជើង​ឯក​ពិភព​លោក Atomweight World Grand Prix ​ថែម​ទៀត។

បន្ទាប់​ពីឈ្នះ​ខ្សែ​ក្រវាត់​ប្រាក់ Stamp មាន​កាតព្វកិច្ច​ទៅ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ពិភព​លោក​កម្រិត​មាស​ជា​មួយ​រាជ​នី​សង្វៀន Angela Lee នា​ឆ្នាំ​២០២២​ខាង​មុខ៕

  • ភ្ជាប់ទំនាក់ទំនងជាមួយ SPORTREFRESH