ជ័យជម្នះជាបន្តបន្ទាប់នាំឲ្យរូបគេឈ្នះពានជាកីឡាការិនីគុនចម្រុះល្អប្រចាំឆ្នាំ២០២១ របស់ ONE (ONE’s 2021 Female MMA Fighter of the Year)។
អ្នកគាំទ្រទទួលភាពរីករាយក្នុងការទស្សនាអតីតម្ចាស់ខ្សែក្រវាត់មួយថៃ និង ឃីកបុកសីង ONE Atomweight នាគ្រប់ការប្រកួត។ ហើយ Stamp ត្រូវបានគេវាយតម្លៃថាជាកីឡាការិនីប្រកួតបានល្អគ្រប់ទឹកជាមួយជំនាញកម្រិតកំពូលមិនការប្រើស្នៀតជិត ឬ ឆ្ងាយនោះឡើយ។
Stamp ធ្វើមិនបានល្អទៅតាមផែនការដោយចាញ់ Alyona Rassohyna នៅកម្មវិធី ONE: UNBREAKABLE III កាលខែកុម្ភៈ។
មើលទៅការប្រកួតនោះ សិស្សគុនក្លិប Fairtex អាចឈ្នះដោយពិន្ទុជាឯកច្ឆន្ទ ប៉ុន្តែ កីឡាការិនីអ៊ុយក្រែន អាចប្រើក្បាច់ឃ្លេយកឈ្នះដោយមិននឹកស្មានដល់។
ខណៈការព្យាយាមគេចពីគូប្រជែង កីឡាការិនិថៃហាក់បីដូចជាទះស្មារបស់គូប្រជែងដែលធ្វើឲ្យអាជ្ញាកណ្ដាល Olivier Coste គិតថាទះដៃចុះចាញ់ ហើយក៏ បញ្ឈប់ការប្រកួតតែម្ដងទៅ។ នេះជាបរាជ័យលើកដំបូងរបស់ Stamp ក្នុងការប្រកួត MMA។
យ៉ាងណាក្ដីកីឡាការិនីមកពីផាត់តាយ៉ាបានជួបគូប្រជែងជាថ្មីទៀតក្នុងកម្មវិធី ONE Women’s Atomweight World Grand Prix វគ្គ ៨ នាក់ចុងក្រោយ។ ការប្រកួតសងសឹកកើតឡើងនៅសង្វៀន ONE: EMPOWER នាថ្ងៃសុក្រទី ៣ ខែ កញ្ញា ហើយពេលនេះ គឺ មិនមានភាពចម្រូងចម្រាស់ទៀតឡើយ។
ដូចលើកមុនដែរ Rassohyna បានព្យាយាមចូលចាប់បញ្ចប់គូប្រជែង ប៉ុន្តែ Stamp រក្សាការប្រកួតរហូតដល់ចប់។
គេការពារមិនឲ្យកីឡាការិនីអ៊ុយក្រែនវាយប្រហារបាន, រកពិន្ទុបានដោយស្នៀតឈរ និង ប្រើកណ្ដាប់ដៃសំពងពីលើរហូតឈ្នះពិន្ទុមិនឯកច្ឆន្ទ។
Stamp គ្រោងជួប Ham Seo Hee ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Grand Prix នៅសង្វៀន ONE: NEXTGEN កាលថ្ងៃទី ២៩ តុលា។ ប៉ុន្តែ របួសបាននាំឲ្យកីឡាការិនីកូរ៉េខាងត្បូងដកខ្លួនចេញ។ ហើយកីឡាការិនីប្រេស៊ីល Julie Mezabarba ចូលខ្លួនមកជំនួសវិញ។
Stamp ឈ្នះពិន្ទុកីឡាការិនីជាឯកច្ឆន្ទ និងឡើងទៅវគ្គផ្ដាច់ព្រ័ត្រ ONE Women’s Atomweight World Grand Prix Championship ដោយជួប Ritu “The Indian Tigress” Phogat ។
កម្មវិធីផ្ដាច់ព្រ័ត្រ ONE Women’s Atomweight World Grand Prix Championship ធ្វើឡើងនៅកម្មវិធី ONE: WINTER WARRIORS រៀបចំឡើងនៅថ្ងៃទី ៣ ខែ ធ្នូ។
តាំងពីស្នូរកណ្ដឹងចាប់ផ្ដើម Phogat ព្យាយាមចូលចាប់គូប្រកួតទៅក្បែររេញ ប៉ុន្តែ Stamp មិនចាប់បានផ្ដេសផ្ដាស និង រើរួចពីរដងទៀតផង។
នៅពេល “The Indian Tigress” ចាប់ផ្ដើមផ្ដួលទៅក្ដាររេញ Stamp ក៏អាចងើបឈរប្រកួតជាថ្មី និងធ្វើការគំរាមកំហែងត្រលប់ទៅវិញ។
ទឹកទី២កាន់តែមានទំនុកចិត្ត Stamp ប្រើស្នៀតប្រយុទ្ធដ៏មានថាមពល។ ប៉ុន្តែ កូនសិស្សមកពីក្លិប Evolve ប្រើក្បាច់ចំបាប់ និង ប្រើជើងមួយដើម្បីផ្ដួលបាន។
បន្ទាប់មកធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល Stamp ឃ្លេជាប់ ដែលនាំឲ្យ Phogat រើមិនរួចនោះឡើយ។ ទីបំផុត Stamp ប្រើក្បាច់កាច់ដៃនាំឲ្យជើងឯក Indian Wrestling Champion ទះដៃចុះចាញ់តែម្ដង និងឈ្នះខ្សែក្រវាត់ប្រាក់ពីកម្មវិធីនេះ។
កីឡាករថៃ Superbon បានប្រកួតតែម្តងប៉ុណ្ណោះកាលពីឆ្នាំ២០២១ ហើយក៏បានគ្រងខ្សែក្រវាត់ឃីកបុកសីងពិភពលោករហូតជាប់ឈ្មោះជាកីឡាករប្រដាល់ឆ្នើមប្រចាំឆ្នាំតែម្តង។
តារាប្រដាល់ថៃរូបនេះបានធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលរូបគេបានផ្តួលជើងខ្លាំងឃីកបុកសីងគ្រប់សម័យកាល Giorgio Petrosyan ដែលធ្វើឲ្យកីឡាករអាមេនី-អ៊ីតាលីរូបនេះស្គាល់បរាជ័យពីរលើកក្នុងអាជីពឡើងសង្វៀន១០៨ដង។
ជើងខ្លាំងទាំងពីរបានប្រកួតដណ្តើមខ្សែក្រវាត់ឃីកបុកសីងពិភពលោក ONE Featherweight ដែលនៅទំនេរនៅក្នុងព្រឹត្តិការណ៍ ONE: FIRST STRIKE កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១នៅប្រទេសសិង្ហបុរី។
Petrosyan បង្ហាញជំនាញល្អឥតខ្ចោះសម្រាប់ការប្រកួត៧លើកចុងក្រោយនៅ ONE Super Series ដោយមិនស្គាល់បរាជ័យម្តងណាសោះ។ ជ័យជម្នះ៧លើកចុងក្រោយនេះបូករួមទាំងយកឈ្នះជើងឯកមួយថៃពិភពលោក Petchmorakot និងបានយកឈ្នះជើងខ្លាំងកម្រិតពិភពលោក៣រូបរហូតក្លាយជាម្ចាស់ខ្សែក្រវាត់ឃីកបុកសីង ONE Featherweight Kickboxing World Grand Prix ដែលមានប្រាក់រង្វាន់១លានដុល្លារអាមេរិកកាលពីឆ្នាំ២០១៩។
ចំណែកកីឡាករថៃអាយុ៣១ឆ្នាំ Superbon ទើបប្រកួតបាន២ដងប៉ុណ្ណោះសង្វៀន ONE ក្នុងនោះប្រកួតលើកដំបូងឈ្នះមិត្តរួមជាតិ Sitthichai ដោយពិន្ទុកាលពីឆ្នាំ២០២០។ ប៉ុន្តែបើគិតការប្រកួតគ្រប់កម្មវិធីរយៈពេល៣ឆ្នាំចុងក្រោយ កីឡាករថៃរូបនេះមិនដែលចាញ់សោះ។
ដោយសារបញ្ហានេះ អ្នកគាំទ្រភាគច្រើនទូទាំងពិភពលោកគិតថា Petrosyan អាចនឹងឈ្នះបានដោយស្រួល ខណៈ Superbon ប្រហែលជាមិនងាយស្រួលនោះទេ។
ទោះជាយ៉ាងណា ការពិតនៅលើសង្វៀនបង្ហាញថា អ្វីដែលអ្នកគាំទ្រគិតគឺខុសស្រឡះ។ កីឡាករថៃរូបនេះតែងតែជឿជាក់លើបេះដូងរបស់ខ្លួនអាចយកឈ្នះបុរសដែលត្រូវបានគេចាត់ទុកជាជើងខ្លាំងគ្រប់សម័យកាល GOAT។
នៅពេលជើងខ្លាំងទាំងពីរប្រឈមមុខគ្នានៅលើសង្វៀនដំណើរការទៅបានត្រឹមតែ២ទឹកប៉ុណ្ណោះ។ នៅទឹកទី១ កីឡាករអាមេនី-អ៊ីតាលី Petrosyan បានចេញកណ្តាប់ល្អមួយៗ ខណៈកីឡាករថៃបានព្យាយាមទាត់ដែលមើលទៅមិនលើសខ្វះគ្នាប៉ុន្មានឡើយ។ នៅទឹកទី២ ប្រព្រឹត្តទៅត្រឹមតែ២០វិនាទីប៉ុណ្ណោះពេល Petrosyan បានព្យាយាមដើរសន្សឹមៗឆ្ពោះទៅមុខជាមួយកណ្តាប់ដៃឆ្វេង-ស្តាំ និងទាត់ ខណៈ Superbon ព្យាយាមទាត់ខ្ពស់ម្តងហើយម្តងទៀត។ ស្របពេលដែលមានការប្តូរជើងជាមួយកណ្តាប់ដៃ Petrosyan ត្រូវបានកីឡាករថៃទាត់ចំកបណ្តាលឲ្យសន្លប់ស្តូកឈឹងតែម្តង។
រន្ទះជើងស្តាំរបស់ Superbon នោះបានធ្វើឲ្យ Petrosyan បាក់ថ្គាម និងត្រូវធ្វើការវះកាត់ជាបន្ទាន់ ក្រោយពេលប្រកួត។
នោះជាជ័យជម្នះដ៏អស្ចារ្យ និងការទាត់ដ៏ល្អបំផុតដែលផ្តល់ឲ្យ Superbon ជោគជ័យបំផុត និងបានជាប់ឈ្នោះជាកីឡាករប្រដាល់ឆ្នើមប្រចាំឆ្នាំ២០២១នៅស្ថាប័នពិភពលោក ONE Championship៕