ឥណ្ឌូណេស៊ី ត្រូវជួបក្រុមជើងឯក ៥ សម័យ ថៃនៅជើងទី១ ពាន AFF Suzuki Cup 2020 នៅយប់ថ្ងៃស្អែកទី ២៩ ធ្នូ វេលាម៉ោង ៧:៣០ (ម៉ោងនៅកម្ពុជា) នៅប្រទេសសិង្ហបុរី។ តើក្រុមណានឹងឈ្នះនៅជើងទី១នេះ? នេះជាការឡើងផ្ដាច់ព្រ័ត្រលើកទី ៦ របស់ ឥណ្ឌូណេស៊ី ប៉ុន្តែ កន្លងទៅមិនដែលឈ្នះពានម្ដងណាឡើយ។
កីឡាករសំខាន់៖
ខ្សែបម្រើ Witan Sulaeman របស់ឥណ្ឌូណេស៊ី គឺជាកីឡាករបញ្ជូនបាល់ឲ្យដៃគូទាត់បញ្ចូលទីច្រើនជាងគេ (៦ដង) និង រកបាន ២ គ្រាប់ផងដែរ។ គេជាអ្នកនាំលេងដ៏សំខាន់របស់ក្រុម និង អាចបញ្ជូនឲ្យដៃគូទាត់គ្រប់ពេលវេលា។ គេអាចប្រើភាពវ័យឆ្លាតដើម្បីបញ្ជូនបាល់ឲ្យដៃគូទាត់បញ្ចូលទីបើសិនគូប្រជែងប្រហែស។
ប្រធានក្រុម Chanathip Songkrasin គឺជាកីឡាករសំខាន់បំផុតរបស់គ្រូបង្វឹក Alexandré Pölking។ គេរកបាន ២ គ្រាប់ពេលឈ្នះវៀតណាម នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ។ កីឡាកររហស្សនាម Messi Jay មានជំនាញផ្ទាល់ខ្លួនល្អមែនទែន ជាពិសេសការបញ្ជូនសម្លាប់, ការអូសទាត់បញ្ចូលទី និង ការស្វែងរកឱកាសទាត់បញ្ចូលទីខ្លួនឯងជាដើម។
លទ្ធផលវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ៖
ឥណ្ឌូណេស៊ី បានទម្លាក់ ម្ចាស់ផ្ទះសិង្ហបុរី ដោយគ្រាប់បាល់សរុប ៥-៣ ក្នុងការប្រកួតពីរជើង ខណៈដែល ថៃ យកឈ្នះវៀតណាម ដោយលទ្ធផល ២-០ ក្នុងការប្រកួត ២ជើងដូចគ្នា។
ក្រុមទាំងពីរមានប្រវត្តិជូរចត់៖
ក្រុមទាំងពីរមានប្រវត្តិជួបគ្នារហូតដល់ ៧៨ ដង ក្នុងនោះ ឥណ្ឌូណេស៊ី ឈ្នះ ២៥ ដង, ស្មើ ១៤ ដង និង ចាញ់ ៣៩ ដង។ នេះមានន័យថា ថៃ គេឈ្នះក្រុមឥណ្ឌូណេស៊ី រហូតដល់ ៣៩ ដងក្នុងជំនួបកន្លងទៅ។ រឿងដែលជូរចត់នៅក្នុងពានរង្វាន់ AFF Cup គឺថា ក្រុមឥណ្ឌូណេស៊ី ឡើងជួបថៃរហូតដល់ ៣ ដង នៅវគ្គផ្ដាច់ព្រ័ត្រ ប៉ុន្តែ មិនដែលឈ្នះថៃ ម្ដងណាឡើយបើគិតសរុបពីរជើង និងមិនដែលលើកពានទេ។ ឥណ្ឌូណេស៊ី ចាញ់វគ្គផ្ដាច់ព្រ័ត្រលើកចុងក្រោយ គឺ ឆ្នាំ ២០១៦ ដែលចាញ់ក្នុងលទ្ធផល គ្រាប់បាល់សរុប ពីរជើង ២-១។
ដោយ SR