បន្ទាប់ពី សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានបើកកិច្ចប្រជុំជាមួយក្លិបទាំងអស់សម្រាប់ពានរង្វាន់ Cambodian Premier League រដូវកាល ២០២២ ដោយមានចូលរួមដោយប្រធានសហព័ន្ធ និង នាយកប្រតិបត្តិក្រុមលីគបាល់ទាត់កម្ពុជាលោក Satoshi Saito គេបានរុញក្លិបដែលធ្លាក់ទៅលេង League 2 មានដូចជា ព្រៃវែង, សូលទីឡូអង្គរ, អគ្គិសនីកម្ពុជា, អាស៊ីអឺរ៉ុបយូណាយធីត និង នគរបាលជាតិ។
League 2 មានរហូតដល់ ១២ ក្លិប នារដូវកាលឆ្នាំ ២០២២ នេះ ខណៈដែល CPL មានក្រុមចំនួន ៨ ដូចជា ព្រះខ័នរាជស្វាយរៀង, បឹងកេត វិសាខា, ភ្នំពេញក្រោន, ណាហ្គាវើលដ៍, អង្គរថាយហ្គឺរ, គិរីវង់សុខសែនជ័យ, និង កងយោធពលខេមរភូមិន្ទ។ ការប្រកួតនៃលីគទាំងពីរនឹងចាប់ផ្ដើមនៅថ្ងៃទី ៥ ខែ មីនា ខាងមុខ។
លោក Satoshi Saito បានថ្លែងថា៖«League 2 គឺពិតជាផ្នែកសំខាន់របស់ Cambodian Premier League ។ League 2 គឺគ្រួសារតែមួយ និងអាចត្រលប់មកកាន់ League 1 វិញនារដូវកាលក្រោយ។ ហើយឯកឧត្ដមប្រធាន FFC បង្ហាញទស្សនៈបែបនេះដែរ។ ខ្ញុំ និង ឯកឧត្ដមប្រធាន FFC ជឿថា រដូវកាល ឆ្នាំ ២០២២ នឹងកាន់តែប្រកួតប្រជែងខ្លាំងជាងឆ្នាំមុន»។
លោក Satoshi នៅតែទទូចថាគ្រប់ក្លិបទាំងអស់នៅ League 1 មិនត្រូវមើលស្រាលក្លិបនៅ League 2 នោះទេ។
ការសម្រេចចិត្តកែប្រែការប្រកួតខាងលើដោយពឹងផ្អែកលើលក្ខខន្តិកៈថ្មីរបស់ Cambodian Premier League។ វាជារឿងយុត្តិធម៌សម្រាប់ក្លិបទាំងអស់។ នេះជាការស្នើសុំរបស់ប្រធានក្រុមហ៊ុនលីគលោក Satoshi និង សម្រេចចិត្តចុងក្រោយដោយឯកឧត្ដមប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។
ការកែប្រែនេះ ក្នុងគោលដៅធ្វើឲ្យលីគបាល់ទាត់កម្ពុជាកាន់តែមានលក្ខណៈស្ដង់ដារអន្តរជាតិ និង រួមចំណែកទៅជោគជ័យនៅស៊ីហ្គេម ឆ្នាំ ២០២៣ ពេលកម្ពុជាទទួលជាម្ចាស់ផ្ទះលើកដំបូង។
ដោយ SR