ខ្សែបម្រើ Ainsley Maitland-Niles របស់ Arsenal គ្រោងនឹងបញ្ចប់ការផ្ទេរទៅ Roma ក្នុងលក្ខខណ្ឌខ្ចីរហូតដល់បញ្ចប់រដូវកាល។
កីឡាករជម្រើសជាតិអង់គ្លេសវ័យ ២៤ ឆ្នាំនឹងធ្វើដំណើរទៅប្រទេសអ៊ីតាលីដើម្បីពិនិត្យសុខភាព បន្ទាប់ពីក្រុមកាំភ្លើងធំបានយល់ព្រមលើកិច្ចព្រមព្រៀងជាមួយក្រុម Serie A ដែលគ្រប់គ្រងដោយលោក Jose Mourinho។
Maitland-Niles បានបង្ហាញខ្លួនចំនួន ១១ លើកក្នុងរដូវកាលនេះ ប៉ុន្តែជាប់ជម្រើស ១១ នាក់ដំបូងការប្រកួត Premier League បានតែ ២ ប្រកួតប៉ុណ្ណោះ។
កាលពីខែសីហា រូបគេបានសម្តែងការខកចិត្តជាមួយនឹងការខ្វះខាតពេលវេលាលេងនៅ Arsenal។
Everton មានក្តីសង្ឃឹមក្នុងការចុះហត្ថលេខាលើរូបគេក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាកររដូវក្តៅ បន្ទាប់ពីបានចំណាយពេលពាក់កណ្តាលនៃរដូវកាលមុនក្នុងការខ្ចីនៅ West Brom ប៉ុន្តែ Arsenal មិនចង់ឱ្យរូបគេចាកចេញពី Emirates។
គាត់បាននិយាយនៅលើបណ្តាញសង្គមថា៖«អ្វីដែលខ្ញុំចង់ធ្វើគឺទៅកន្លែងដែលខ្ញុំចង់បាន និងកន្លែងដែលខ្ញុំនឹងលេង»។
ការផ្លាស់ប្តូរទៅកាន់ Roma មានន័យថាគាត់ចូលរួមជាមួយអតីតមិត្តរួមក្រុម Arsenal កីឡាករ Henrikh Mkhitaryan អតីតខ្សែការពារ Chris Smalling របស់ Manchester United និងអតីតខ្សែប្រយុទ្ធ Tammy Abraham របស់ Chelsea។
ស្របពេលជាមួយគ្នានេះ ខ្សែប្រយុទ្ធ Folarin Balogun របស់ Arsenal គ្រោងនឹងខ្ចីទៅក្លិប Middlesbrough ក្នុងក្របខ័ណ្ឌ Championship។
កីឡាករវ័យ ២០ ឆ្នាំដែលមកពីក្រុមយុវជនថ្នាលបានបង្ហាញខ្លួនជាមួយក្រុមធំចំនួន ៤ លើកក្នុងរដូវកាលនេះ និងទាត់បញ្ចូលទីបាន ២ ដងក្នុងការប្រកួតចំនួន ៥ លើកកាលពីរដូវកាលមុន៕
ប្រភព៖ BBC