ញាក់សាច់! មានការផ្គូផ្គងឲ្យមេ ONE ប្រកួតជាមួយមេ UFC

ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​អ្នកនិយម​ចូល​ចិត្ត​ប្រដាល់​គុន​ចម្រុះ​ទូទាំង​ពិភព​លោក បន្ទាប់​ពី​ស្ថាប័នប្រដាល់ ONE Championship បាន​បង្ហោះ​សារ​នៅ​លើ​ Twitter ផ្លូវ​ការ​របស់​ខ្លួន​ថា តើ​នរណា​ចង់​ឃើញ​លោក Chatri ប្រកួត​ជា​មួយ​លោក Dana?

(លោក Chatri និង លោក Dana)

ការ​បង្ហោះ​លើ​បណ្តាញ​ទំនាក់​ទំនង​សង្គម​ផ្លូវ​ការ​របស់ ONE នេះ​បាន​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ និង​បញ្ចេញ​មតិ​យោបល់​ច្រើន ពី​ព្រោះ​បុរស​ទាំង​ពីរ​នេះ​ជា​កំពូល​មនុស្ស​ដែល​បង្កើត​ស្ថាប័ន​ប្រដាល់​ធំ​បំផុត​លំដាប់​ពិភព​លោក​ដើម្បី​ក្លាយ​ជា​សមរភូមិ​អ្នក​គុន​និយម​គ្រប់​រូប​មក​ពី​ទូទាំង​ពិភព​លោក។

លោក Dana White ជា​នរណា?

​លោក Dana White ​កើត​នៅ​ឆ្នាំ​១៩៦៩​នៅ​ប្រទេស​អង់គ្លេស ជា​សហគ្រិន​អាមេរិក និង​ជា​ប្រធាន​ស្ថាប័ន​ប្រដាល់​គុន​ចម្រុះ​កំពូល​នៅ​អាមេរិក​ក៏​ដូច​ជា​ទូទាំង​ពិភព​លោកគឺ Ultimate Fighting Championship ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា UFC។

(លោក Dana White)

ស្ថិត​ក្រោម​ការ​ដឹក​នាំ​របស់​លោក Dana White ស្ថាប័ន​ប្រដាល់​ក្នុង​ទ្រុង​ UFC បាន​រីក​ធំ​ធាត់​ និង​ល្បី​ល្បាញ​ទូទាំង​ពិភព​លោក។ បង្កើត​ជា​ផ្លូវ​ការ​នៅ​ឆ្នាំ​១៩៩៣​ ស្ថាប័ន​នេះ​មាន​ទុន​វិនិយោគ​រាប់​ពាន់​លាន​ដុល្លារ​អាមេរិក។

កាល​ពី​ឆ្នាំ​២០១៩ លោក Dana White ត្រូវបាន​គេ​ប៉ាន់​ស្មានមាន​ទ្រព្យ​សម្បត្តិ​ប្រមាណ​៥០០​លាន​ដុល្លារ​អាមេរិក។ លោក​ធ្លាប់​ហាត់​ប្រដាល់​សកល​តាំង​ពី​អាយុ​១៧​ឆ្នាំ ហើយ​បន្ទាប់​មក​ធ្វើ​ជា​គ្រូ​បង្ហាត់​ប្រដាល់​សកល​ដើម្បី​សុខភាព។

(លោក Dana White នៅ​កណ្តាល)

ក្រៅ​ពី​លេច​ធ្លោ និង​ជោគជ័យ​នៅ​ស្ថាប័ន​គុន​ចម្រុះ UFC លោក​ក៏​ពាក់​ព័ន្ធ​នឹង​ការ​ផ្គូផ្គង​ឲ្យ​មាន​ការ​ប្រកួត​រវាង​ជើង​ឯក​ប្រដាល់​សកល Floyd Mayweather ជា​មួយ​កំពូលអ្នក​លេង​គុន​ចម្រុះ Conor McGregor ផង​ដែរ។

លោក Chatri Sityodtong ជា​នរណា?

លោក Chatri ជា​ជន​ជាតិ​ថៃ​កើត​នៅ​ឆ្នាំ​១៩៧១​ជា​សហគ្រិន​​ និង​​ជា​អតីត​កីឡាករ​ប្រដាល់​មួយ​រូប។ លោក​ត្រូវ​បាន​គេ​ស្គាល់ និង​ល្បី​ល្បាញ​តាម​រយៈ​ស្ថាប័ន​ប្រដាល់​ធំ​បំផុត​នៅ​អាស៊ី ក៏ដូចជា​ទូទាំង​ពិភព​លោក ONE Championship ដែល​មាន​ទឹក​ប្រាក់​វិនិយោគ​រាប់​ពាន់​លាន​ដុល្លារ​អាមេរិក។

(លោក Chatri)

ទើប​តែ​បង្កើត​នៅ​ឆ្នាំ​២០១១​ពោល​គឺ​​១០​ឆ្នាំ​ប៉ុណ្ណោះ ស្ថិត​ក្រោម​ការ​ដឹក​នាំ​របស់​លោក Sityodtong ស្ថាប័ន ONE រីក​ចម្រើនធំ​ធាត់​យ៉ាង​ឆាប់​រហ័ស​រហូត​ជាប់​ក្នុង​ចំណោម​កំពូល​ស្ថាប័ន​កីឡា​ទាំង​១០​លើ​លោក។ នេះ​បើ​យោង​តាម Forbes

លោក Chatri បាន​ជាប់​ឈ្មោះ​ជា​មនុស្ស​មាន​ឥទ្ធិពល​បំផុត​លំដាប់​ទី​២​​ក្នុង​វិស័យ​កីឡា​នៅ​ទ្វីប​អាស៊ី​របស់ FOX Sports។ ក្រៅ​ពី​បង្កើតស្ថាប័ន ONE បុរស​ជន​ជាតិ​ថៃ​រូប​នេះ​ក៏​ជា​អ្នក​បង្កើត​កម្មវិធី​កម្សាន្ត​ប្រើ​ប្រាជ្ញា The Apprentic: ONE Championship Edition ផង​ដែរ។

(លោក Chatri នៅ​កណ្តាល)

កាលពី​ក្មេង​ លោក Chatri ហ្វឹក​ហាត់​កីឡា​ប្រដាល់​មួយ​ថៃ និង​មាន​បទ​ពិសោធ​ប្រដាល់​៣៥​ឆ្នាំ។ ក្រៅ​ពី​នេះ​លោក​បាន​ហ្វឹក​ហាត់​ជំនាញ​ជឺជីតស៊ូរបស់​ទទួល​បាន​ខ្សែ​ក្រវាត់ប្រផេះទៀត​ផង៕

  • ភ្ជាប់ទំនាក់ទំនងជាមួយ SPORTREFRESH