កាលពីប៉ុន្មានថ្ងៃអ្នកលេងគុនខ្មែរ សុខ ធី បានផ្តួលជើងខ្លាំងជួរមុខរបស់ថៃ ឌីសែលណយ ឲ្យលោកអាជ្ញាកណ្តាលបញ្ឈប់ក្នុងទឹកទី៤សម្រាប់ការប្រកួតនៅប្រទេសថៃ។
សម្រាប់ការផ្តួលដៃគូនេះ អ្នកលេងគុនខ្មែរបានមើលឃើញពីចំណុចខ្សោយរបស់កីឡាករថៃទើបបានផ្តល់ឱកាសឲ្យរូបគេវ៉ៃចំគោលដៅសំខាន់រហូតផ្តួលឲ្យសន្លប់ទៅលេងរួច។
សុខ ធី បានប្រាប់ថា ឌីសែលណយ ជាកីឡាករថៃដែលមានបទពិសោធច្រើន និងប្រឡូកក្នុងអាជីពប្រដាល់ច្រើនឆ្នាំហើយ។ កីឡាករថៃនេះកាលពីមុនលេចធ្លោខ្លាំង ប៉ុន្តែមួយរយៈពេលចុងក្រោយនេះសមត្ថភាពរបស់គេធ្លាក់ចុះខ្លះ។
សម្រាប់ចំណុចខ្សោយដែល សុខ ធី មើលឃើញមាន៣កន្លែងគឺ ពោះ ជើងក្រោម និងខ្សោយដៃ។ សុខ ធីបាននិយាយថា ៖«អ! បានគាត់ (ឌីសែលណយ) ខ្សោយពោះ ហើយជើងរបស់គាត់ក៏ខ្សោយ។ ពេលចាប់ដៃរបស់គាត់ក៏ទន់ដែរ។ អីចឹងបានខ្ញុំវ៉ៃក្បាលពោះរបស់គាត់ និងទាត់ជើងក្រោម។ ពេលអោបដៃគាត់ខ្សោយធ្លាក់ធ្វើឲ្យខ្ញុំអាចប្រើកម្លាំងដៃវ៉ៃកែងបាន»។
សម្រាប់ការប្រកួត៤ទឹក សុខ ធី មានប្រៀបទាំងស្រុងពោលចាប់ពីទឹកទី១អ្នកលេងគុនខ្មែរបានព្យាយាមទាត់ជើងក្រោមផ្ទួន ហើយស្ទើរតែទាត់ឲ្យដើរលែង ប៉ុន្តែចប់ទឹកទាន់។
បន្ទាប់មក សុខ ធីបានព្យាយាមវ៉ៃក្បាលពោះធ្វើឲ្យ ឌីសែលណយ ស្រុតខ្លាំង ហើយនោះដើមទឹកទី៤ វ៉ៃពីរបីកែងទៀតបណ្តាលឲ្យកីឡាករថៃស្រុតខ្លាំង និងត្រូវបានអាជ្ញាកណ្តាលបញ្ឈប់ការប្រកួតតែម្តង៕