ម្ចាស់ខ្សែក្រវាត់គុនចម្រុះពិភពលោករបស់ចិន Xiong Jing Nan ត្រូវឡើងការពារខ្សែក្រវាត់របស់ខ្លួនទល់នឹងជើងខ្លាំងគុនចម្រុះជប៉ុន Ayaka Miura នាថ្ងៃសុក្រ ទី១៤ ខែមករានេះ នៅប្រទេសសិង្ហបុរី។
អ្នកលេងគុនខ្មែរលេចធ្លោនៅប្រទេសថៃ សុខ ធី និងអ្នកលេងគុនចម្រុះលេខ១កម្ពុជា ចាន់ រតនា សុទ្ធ តែចាប់អារម្មណ៍ និងគិតថា កីឡាការិនីចិននឹងការពារខ្សែក្រវាត់ពិភពលោករបស់ខ្លួនបានជោគជ័យបន្តទៀត។
សុខ ធី បាននិយាយថា ៖«បាទ ខ្ញុំគិតថា Xiong Jing Nan នឹងឈ្នះរក្សាខ្សែក្រវាត់នៅដដែល ពីព្រោះគាត់មានបទពិសោធច្រើន។ ជាណិសេសគាត់ខ្លាំង រឹង និងមានជំនាញវ៉ៃឈរល្អណាស់។ ចំពោះ Ayaka ខ្ញុំមិនសូវស្គាល់ច្បាស់ទេ តែធ្លាប់ឃើញគាត់វ៉ៃគឺល្អក្បាច់ក្រោម តែកីឡាការិនីចិនធ្លាប់ជួបអ្នកខ្លាំងជំនាញក្រោមច្រើនហើយ»។
ចំពោះជើងខ្លាំង ចាន់ រនតា បាននិយាយថា ៖«ខ្ញុំមិនស្គាល់ច្បាស់ពីកីឡាការិនីជប៉ុន Ayaka ទេ តែបានមើលវីដេអូប្រកួតរបស់គាត់។ គាត់នៅក្មេង និងល្អជំនាញក្រោម តែមិនពូកែវ៉ៃឈរដូចជាកណ្តាប់ដៃទេ។ Xiong Jing Nan ជាកីឡាការិនីដ៏អស្ចារ្យ បទពិសោធច្រើន និងជំនាញវ៉ៃឈរគ្រោះថ្នាក់ខ្លាំងណាស់។ ខ្ញុំគិតថា Xiong នឹងឈ្នះ»។
សូមបញ្ជាក់ថា កីឡាការិនីចិន Xiong Jing Nan ចាប់តាំងពីឈ្នះខ្សែក្រវាត់គុនចម្រុះពិភពលោកកាលពីឆ្នាំ២០១៨មក នាងបានឡើងការពារខ្សែក្រវាត់នេះជោគជ័យ៥ដងហើយ ហើយថ្ងៃសុក្រនេះជាការឡើងការពារលើកទី៦។
ចំណែកកីឡាការិនីជប៉ុន Ayaka Miura ធ្លាប់ប្រកួតបាន១៤ដង ក្នុងនោះឈ្នះ១១ដង ហើយនេះជាឱកាសដំបូងដែលនាងឡើងប្រកួតដណ្តើមខ្សែក្រវាត់ពិភពលោក៕