ជើងខ្លាំងមួយថៃល្បីអាវុធធ្ងន់ Tawanchai បានផ្តួលមិត្តរួមជាតិខ្លាចាស់រៀមច្បង Saemapetch ឲ្យសន្លប់នៅក្នុងទឹកទី១នៅព្រឹត្តិការណ៍ ONE: HEAVY HITTERS ប្រទេសសិង្ហបុរី កាលពីថ្ងៃសុក្រ ទី១៤ ខែមករា។
អ្នកប្រដាល់ជួរមុខថៃទាំងពីរបានប្តូរគ្នាទៅវិញទៅតាមការទាត់ក្រោមចាប់តាំងពីផ្តើមទឹកទី១ ប៉ុន្តែប្រុសស្អាតល្បីថតរូបជាមួយតារាម៉ូដែលស្រី Tawanchai សម្លឹងឃើញឱកាសយ៉ាងលឿនតាមការប្រើកណ្តាប់ពិឃាតរបស់ខ្លួន បូករួមទាំងទាត់ថែមទៀត។
រាល់ពេលដែលសិស្សច្បង Saemapetch ព្យាយាមតទល់ឆ្ពោះទៅជាមួយនឹងជំនាញប្រដាល់សកល សិស្សប្អូនបានវ៉ៃកាត់ និងបង្អាក់ដំណើររបស់គេតាមរយៈកណ្តាប់ដៃ។ នៅពេលខ្លាចាស់ចន្លោះបហោងការពារ ប្រុសស្អាត Tawanchai បាញ់កណ្តាប់ដៃ និងវាយកែងថែមទៀត។
វាជាសមត្ថភាពឥតខ្ចោះរបស់កីឡាករនៅទីក្រុងបាំងកកនៅពេលរូបគេវ៉ៃចំមុខមួយថៃបណ្តាលឲ្យ Saemapetch ដួលលើកទី១ត្រូវបានអាជ្ញាកណ្តាលរាប់៨។ បន្ទាប់ពីក្រោកឡើង និងតាំងស្មារតីប្រយុទ្ធដោយមិនងារេថយក្រោយដើម្បីតទល់បន្តទៀត សម្រាប់ Tawanchai វ៉ៃចំមួយថៃចំពេញមុខជាលើកទី២។
កណ្តាប់ដៃលើកទី២នេះមិនអាចធ្វើឲ្យ Saemapetch ងើបរួចបានទេ និងត្រូវបានអាជ្ញាកណ្តាបញ្ឈប់ការប្រកួតតែម្តង។
ជ័យជម្នះលើកនេះ បានផ្តល់ឲ្យ Tawanchai បង្កើនស្ថិតិប្រកួតរហូតដល់កំណត់ត្រា១២៦ដង ចាញ់៣១ដង និងស្មើ២ដង។
ប៉ុន្តែបើទោះជាទទួលបានជោគជ័យធំធេងនៅក្នុងប្រភេទទម្ងន់ bantamweight ក៏រូបគេនិយាយថា រូបគេត្រូវបង្កើនទម្ងន់ប្រកួត។
កីឡាករបាននិយាយថា ៖«សម្រាប់ការប្រកួតទម្ងន់នេះ ខ្ញុំគិតថា ខ្ញុំមិនសក្តិសមទេ តែខ្ញុំបានត្រៀមខ្លួនហើយដើម្បីប្រកួតដណ្តើមខ្សែក្រវាត់ទម្ងន់ featherweight»៕
ប្រភព៖ ONE