ឡូយមែនទែន កីឡាករ៣នាក់ទទួលបានប្រាក់លើកទឹកចិត្តម្នាក់៥ម៉ឺនដុល្លារប្រកួតសប្តាហ៍មុន

ព្រឹត្តិការណ៍ប្រកួត ONE: HEAVY HITTERS បានចំណាយប្រាក់ចំនួន១៥ម៉ឺនដុល្លារអាមេរិកដើម្បីផ្តល់ជូនកីឡាករ៣នាក់ដែលប្រកួតបានល្អបំផុតកាលពីថ្ងៃសុក្រ ទី១៤ ខែមករា កន្លងទៅនេះ។

បន្ទាប់ពីការប្រកួតនៅប្រទេសសិង្ហបុរីចប់ អគ្គនាយក និងជានាយកប្រតិបត្តិ ONE លោក Chatri Sityodtong ប្រកាសថា ជើងខ្លាំងគុនចម្រុះ Saygid Izagakhmaev, តារាឆ្នើមជប៉ុន Senzo Ikeda និងកីឡាការិនីបេឡារុស្ស Ekaterina Vandaryeva ទទួលបានប្រាក់រង្វាន់ម្នាក់ៗ៥ម៉ឺនដុល្លារអាមេរិកដូចគ្នាសម្រាប់ការប្រកួតល្អមើល គួរឲ្យចាប់អារម្មណ៍ និងទាក់ចិត្តអ្នកទស្សនាជាងគេ។

កីឡាករ Izagakhmaev ដែលជាអ្នកជិតស្និទ្ធនឹងកំពូលអ្នកលេងគុនចម្រុះ Khabib Nurmagomedov បានប្រើជំនាញឃ្លេឥតខ្ចោះដើម្បីបញ្ឈប់អតីតអ្នកដណ្តើមខ្សែក្រវាត់ពិភពលោក James Nakashima ឲ្យបោះបង់ចោលការប្រកួតក្នុងទឹកទី២សម្រាប់ការប្រកួតលើកដំបូងនៅសង្វៀន ONE។

ជាមួយគ្នានេះ Ikeda បានបញ្ចេញសមត្ថភាពដ៏អស្ចារ្យដើម្បីយកឈ្នះកីឡាករ Elipitua Siregar តាមរយៈការផ្តួលដៃគូឲ្យសន្លប់។
ចំណែកកីឡាការិនីបេឡារុស្ស Vandaryeva ពិតជាទាក់ភ្នែកអ្នកទស្សនាខ្លាំងមែនទែននៅពេលនាងប្រើកណ្តាប់ដៃឆ្វេង-ស្តាំដូចម៉ាស៊ីនដេរទៅលើកីឡាការិនីវ័យក្មេងថៃ Supergirl ប៉ុន្តែត្រូវបានចៅក្រមកាត់សេចក្តីឲ្យចាញ់ពិន្ទុមិនឯកច្ឆន្ទ។ យ៉ាងណា ការប្រកួតដ៏អស្ចារ្យរបស់នាងត្រូវបានមេរបស់ស្ថាប័នជ្រើសរើសជាអ្នកទទួលបានប្រាក់រង្វាន់៥ម៉ឺនដុល្លារអាមេរិក៕

  • ភ្ជាប់ទំនាក់ទំនងជាមួយ SPORTREFRESH