តាមរយៈជ័យជម្នះ២លើកជាប់គ្នាលើជើងខ្លាំងថៃក្នុងប៉ុន្មានខែចុងក្រោយនេះ សុខ ធី ត្រូវបានគេមើលឃើញសមត្ថភាពឡើងខ្លាំងជាងមុនៗ។
ប្រទេសថៃទើបបើកឲ្យមានការប្រកួតវិញប៉ុន្មានខែចុងក្រោយនេះ ប៉ុន្តែបិទទ្វារគ្មានអ្នកចូលទស្សនា ដោយសារវិបត្តិកូវីដ-១៩រាតត្បាតខ្លាំង។ ជាមួយគ្នា អ្នកលេងគុនខ្មែរ សុខ ធី ក៏បានឡើងប្រកួត២លើកហើយ និងទទួលបានជ័យជម្នះទាំងពីរលើក។
លើកទី១ កាលពីខែតុលា សុខ ធី បានប្រកួតសងសឹកបានសម្រេចលើកីឡាករថៃដែលរូបគេធ្លាប់ចាញ់ម្តង និងលើកទី២នាដើមខែមករានេះ រូបគេបានផ្តួលកីឡាករថៃ ឌីសែលណយ ឲ្យលោកអាជ្ញាកណ្តាលបញ្ឈប់ក្នុងទឹកទី៤សម្រាប់ការប្រកួតនៅប្រទេសថៃ។
សម្រាប់ជ័យជម្នះទាំងនេះត្រូវបានអ្នកលេងគុនខ្មែរប្រាប់ថា កត្តាតែម្យ៉ាងគត់គឺកូន។ សុខ ធី និយាយថា ៖«កូនខ្ញុំជាកម្លាំងជំរុញទឹកចិត្តយ៉ាងខ្លាំង។ ខ្ញុំបានខំប្រឹងហ្វឹកហាត់ខ្លាំងជាងមុន។ ទៅណាមកណា នឹកឃើញកូនរហូត។ ខ្ញុំចង់មានផ្ទះឲ្យកូនរស់នៅដូចគេ»។
មែនហើយ សុខ ធី មានភរិយាជាជនជាតិថៃ ប៉ុន្តែរូបគេស្នាក់នៅផ្ទះជួល ដូច្នេះនៅពេលរូបគេទទួលបានកូនប្រុសជាចំណងដៃបានធ្វើឲ្យមានកម្លាំងចិត្ត និងចង់ឃើញអនាគតកូនល្អប្រសើរ៕