ឯកឧត្តម ជា ច័ន្ទបរិបូណ៍ ប្រធានសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជាបង្ហើបឲ្យដឹងថា អត្តពលិក Esports កម្ពុជា ប្រសិនបើទទួលមេដាយមាសស៊ីហ្គេម ឬពិភពលោក នឹងទទួលបានការផ្តល់ជូនពិសេសពីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងពីរដ្ឋាភិបាលកម្ពុជា។
ការបង្ហើបឲ្យដឹងនេះធ្វើឡើងនៅពេលឯកឧត្តមបានចូលរួមជាអធិបតីក្នុងសន្និសទសារព័ត៌មានស្តីដំណើរឆ្ពោះទៅស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម និងការត្រៀមខ្លួនសម្រាប់ស៊ីហ្គេម លើកទី៣២ នៅប្រទេសកម្ពុជាកាលពីរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២២នេះ។
សម្រាប់ការផ្តល់ជូនពិសេសចមពោះជយលាភីអន្តរជាតិអន្តរជាតិនេះមិនត្រូវបានឯកឧត្តមប្រធានសហព័ន្ធ EFC បញ្ជាក់លំអិតឡើយ ប៉ុន្តែគ្រាន់តែបង្ហើបថា ឯកឧត្តមទទួលបានដំណឹងពីលោក ប៊ុន សុខ ប្រធានមជ្ឈមណ្ឌលហ្វឹកហ្វឹនកីឡានៃក្រសួងអប់រំ យុវជន និងកីឡាដែលមានវត្តមានក្នុងសន្និសីទនេះដែរ។
ជាមួយគ្នានេះ ឯកឧត្តម ជា ច័ន្ទបរិបូណ៍ បានលើកឡើងថា ការចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម នាខែឧសភាខាងមុខនេះគឺពេលវេលាវាយតម្លៃសម្រាប់កីឡា Esports។ កម្រោងបញ្ជូនទៅប្រកួតស៊ីហ្គេម នៅវៀតណាមនេះគឺជាលើកទី២សម្រាប់កីឡាអេឡិចត្រូនិកម្ពុជា បន្ទាប់ពីលើកទី១បញ្ជូនទៅប្រកួតស៊ីហ្គេម នៅប្រទេសហ្វីលីពីនកាលពីឆ្នាំ២០១៩។
ឯកឧត្តមមានប្រសាសន៍ថា «ប្រសិនបើប្រភេទកីឡាអេឡិចត្រូនិចមិនរីកចម្រើនទាល់តែសោះ ក្នុងស៊ីហ្គេម លើកទី៣១ នៅវៀតណាម យើងនឹងពិចារណាជាមួយគ្នា ថាតើគួររៀបចំធ្វើកីឡាអេឡិចត្រូនិក ក្នុងស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ឬអត់?»។
ឯកឧត្តមបានបញ្ជាក់ថា សហព័ន្ធប្តេជ្ញាធ្វើឲ្យកីឡានេះមានបន្ទាត់ដើរឆ្ពោះឡើងលើ ប៉ុន្តែមិនមែនដើរលើបន្ទាត់ស្មើ ឬចុះក្រោមនោះទេ។
«ប្រសិនបើមិនរីកចម្រើន ឬរក្សាកម្រិតដដែល ខ្ញុំនឹងពិចារណាជាមួយគ្នាថាតើគួររៀបចំ E-Sports នៅក្នុងស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាយើងទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ឬអត់។ ទោះបីយើងរៀបចំក៏អត់មានន័យអ្វីដែរ»។ ឯកឧត្តម ជា ច័ន្ទបរិបូណ៍ បានបញ្ជាក់។
សម្រាប់ការត្រៀមខ្លួនទៅស៊ីហ្គេម នៅវៀតណាម ឆ្នាំនេះ សហព័ន្ធនឹងរៀបចំការប្រកួតជ្រើសរើសក្រុមជម្រើសជាតិ លើវិញ្ញាសា Mobile Legends និង PUBG Mobile ដែលនឹងចាប់ផ្តើមពីថ្ងៃទី២៧ ខែមករា ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២។
សហព័ន្ធនឹងជ្រើសរើសយកក្រុមពីលេខ១ដល់៤ដើម្បីហ្វឹកហាត់ អនុវត្ត និងជ្រើសរើសយកសមាជិកក្រុមល្អៗដើម្បីក្លាយជាក្រុមជម្រើសជាតិ។ ប្រការនេះមានន័យថា ក្រុមដែលជាប់ចំណាត់ថ្នាក់ពីលេខ១ដល់៤មិនទាន់ជាក្រុមតំណាងកម្ពុជាទៅស៊ីហ្គេម នៅវៀតណាមទេ ប៉ុន្តែនឹងចម្រាញ់ចេញពីក្រុមទាំង៤ដែលសមាជិកពូកែជំនាញអ្វីដើម្បីបង្កើតជាក្រុមថ្មីសម្រាប់តំណាងកម្ពុជា៕
ប្រភព៖ Cambodia 2023