ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang របស់ Arsenal ចង់ផ្លាស់ទៅក្លិបនៅអឺរ៉ុប ប្រសិនបើចាកចេញពីក្លិបក្នុងទីផ្សារដោះដូរខែមករានេះ។
មានក្លិបជាច្រើននៅអឺរ៉ុបចាប់អារម្មណ៍លើកីឡាករអន្តរជាតិហ្គាបុង រួមមាន Paris Saint-Germain, Marseille, Juventus, AC Milan និង Sevilla ដោយ Arsenal បើកការផ្តល់ជូន។
ប៉ុន្តែក្លិប Al Nassr របស់អារ៉ាប៊ីសាអូឌីត គឺជាក្រុមតែមួយគត់ដែលបានផ្តល់សំណើជាក់ស្តែងសម្រាប់ Aubameyang នៅដំណាក់កាលនេះ។
ពួកគេបានស្នើសុំឱ្យយកអតីតប្រធានក្រុម Arsenal ក្នុងលក្ខខណ្ឌខ្ចីជាមួយជម្រើសទិញផ្តាច់។
Aubameyang នៅសល់ ១៨ ខែទៀតលើកិច្ចសន្យាជាមួយ Arsenal ហើយការចាកចេញនៅក្នុងទីផ្សារដោះដូរកីឡាករនេះនឹងតំណាងឱ្យការសន្សំប្រាក់ប្រហែល ២៥ លានផោនក្នុងប្រាក់ឈ្នួលសម្រាប់ក្រុមកាំភ្លើងធំ។
Aubameyang មិនត្រូវបានជ្រើសរើសចូលក្នុងបញ្ជីក្រុមរបស់ Arteta ចាប់តាំងពីក្លិបចាញ់ ២-១ ដោយ Everton ក្នុងក្របខ័ណ្ឌ Premier League កាលពីថ្ងៃទី ៦ ខែធ្នូ បន្ទាប់ពីត្រូវបានដកចេញពីតំណែងប្រធានក្រុមបន្ទាប់ពីមានបញ្ហាវិន័យ។
រូបគេបានបង្ហាញខ្លួន ១៥ ដងនៅគ្រប់ការប្រកួតទាំងអស់នៅរដូវកាលនេះ និងទាត់បញ្ចូលទីបាន ៤ គ្រាប់ក្នុងលីគ។
កីឡាករវ័យ ៣២ ឆ្នាំរូបនេះទើបតែត្រលប់មកទីក្រុងឡុងដ៍ពីការប្រកួតពានរង្វាន់ Africa Cup of Nations ដើម្បីពិនិត្យសុខភាព បន្ទាប់ពីត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានដំបៅបេះដូង បន្ទាប់ពីការធ្វើតេស្តវិជ្ជមានវីរុសកូវីដ ១៩។
ទោះបីជាយ៉ាងណា បន្ទាប់ពីការត្រួតពិនិត្យបន្ថែមទៀតនៅទីក្រុងឡុងដ៍ រូបគេបាននិយាយថា៖«បេះដូងរបស់ខ្ញុំគឺល្អមែនទែន ហើយខ្ញុំមានសុខភាពល្អទាំងស្រុង»៕
ប្រភព៖ Sky Sport