វេង សុភ័ក្រ ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈ តាញ់ មករា បន្តក្តីសង្ឃឹម

រហូត​ដល់​ពេល​នេះ​រក​ឃើញ​អ្នក​ឡើង​ទៅ​វគ្គ​ពាក់​កណ្តាល​​ផ្តាច់​ព្រ័ត្រ​៣​នាក់​ហើយ​នៃ​ការ​ប្រកួត​ខ្សែ​ក្រវាត់​គោជល់​នៅ​សង្វៀន CNC បន្ទាប់​ពី វេង សុភ័ក្រ បាន​ផ្តួល ឡុង ឡា​ នៅ​ក្នុង​ទឹក​ទី​៤។

សម្រាប់​ការ​ប្រកួត​​លើក​ទី​២ ក្នុង​វគ្គ​សន្សំ​ពិន្ទុ​ពូល B វេង សុភ័ក្រ​ ទទួល​បាន​ជ័យជម្នះ​២​លើក​ជាប់​គ្នា​ដែល​​គ្រាប់​គ្រាន់​ឡើង​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ បន្ទាប់​ពី​លើ​ទី​១​ត្រូវ​បាន​កាត់​សេចក្តី​ឲ្យ​ឈ្នះ​ តាញ់ មករា ដោយ​សារ​ធ្វើ​ទម្ងន់​ត្រូវ​តាម​ការ​កំណត់។

ការ​ប្រកួត​​លើក​ទី​២ នា​ថ្ងៃ​សៅរ៍ ទី​១៥ ខែ​ឧសភា​នេះ វេង សុភ័ក្រ បាន​ផ្តួល ឡុង ឡា តាម​ជង្គង់​ពេញ​ៗ​នៅ​ក្នុង​ទឹក​ទី​៤ ដូច្នេះ​ ឡុង ឡា អស់ឱកាស​ហើយ បន្ទាប់​ពី​ចាញ់​ពីរ​លើក​ជាប់​គ្នា។

ចំណែក​មួយ​គូ​ទៀត តាញ់ មករា បាន​បន្ត​ក្តី​សង្ឃឹម​ឡើង​ទៅ​វគ្គ​បន្ត បន្ទាប់​ពី​ទទួល​បាន​ជ័យជម្នះ​លើ​អ្នក​លេង​រន្ទះ​ជើង សោម វិឆ័យ។ កាល​ពី​ប្រកួត​លើក​ទី​១ សោម វិឆ័យ ឈ្នះ ឡុង ឡា ហើយ​លើក​ទី​២​នេះ​ ចាញ់ តាញ់ មករា ដូច្នេះ​ អ្នក​ទាំង​ពីរ​នៅ​បន្ត​អ៊ុត​ការ​ប្រកួត​ចុង​ក្រោយ​ដើម្បី​កាត់​សេចក្តី​ថា នរណា​ឡើង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ។

ការ​ប្រកួត​ចុង​ក្រោយ តាញ់ មករា ត្រូវ​ជួប ឡុង ឡា ខណៈ វេង សុភ័ក្រ ត្រូវ​ជួប សោម វិស័យ។

ដូច្នេះ​អ្នក​ដែល​ឡើង​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​​គឺ​ពូល A មាន​ ម៉ឺន មេឃា និង ឈុត សេរីវ៉ាន់ថង ខណៈ​ពូល B វេង សុភ័ក្រ។ ម្នាក់​ទៀត​គឺ​រវាង តាញ់ មករា និង សោម វិឆ័យ ដែល​នឹង​រក​ឃើញ​នៅ​ក្នុង​ការ​ប្រកួត​បញ្ចប់​ពូល។

បន្ទាប់​ពី​ចប់​ការ​ប្រកួត​ពីរ​លើក​ក្នុង​ពូល​នីមួយ​ៗ នៅ​មិន​ទាន់​ច្បាស់​នរណាឈរ​លេខ​រៀង ទី​១ និង​ទី​២ នៃ​ពូល​នីមួយ​ៗ​ដើម្បី​ត្រូវ​ប៉ះ​ដៃ​គូ​ខ្វែង​គ្នា​ទេ៕

ការ​ប្រកួត​បញ្ចប់​ពូល A

  • ម៉ឺន មេឃា vs ឈុត សេរីវ៉ាន់ថង (អ្នក​ឈ្នះ​ប៉ះ​អ្នក​ឈ្នះ)
  • សូត្រ វាសនា vs ឡុង ជិន

ការ​ប្រកួត​បញ្ចប់​ពូល B

  • តាញ់ មករា vs ឡុង ឡា
  • សោម វិឆ័យ vs វេង សុភ័ក្រ
  • ភ្ជាប់ទំនាក់ទំនងជាមួយ SPORTREFRESH