ក្រុមខ្លាំង៨ជាអ្នកដែលមានសិទ្ធិប្រជែងក្នុងវគ្គវិលជុំសន្សំពិន្ទនៃនៃលីគកីឡាអេឡិចត្រូនិកអាជីព MPL-KH Pro League ឆ្នាំ២០២២ សម្រាប់ Mobile Legends: Bang Bang បន្ទាប់ពីបើកការចុះឈ្មោះ និងប្រកួតវគ្គជម្រុះជាច្រើនដំណាក់កាលចាប់ពីថ្ងៃទី២ដល់ទី២៥ ខែមករា ឆ្នាំ២០២២។
លីគ MPL-KH Pro League រដូវកាលថ្មីដែលរៀបចំដោយក្រុមហ៊ុន Moonton Games ជាមួយក្រុមហ៊ុនឧបត្ថម្ភ និងដៃគូសហការជាច្រើនទទួលបានក្រុមចុះឈ្មោះចូលរួមប្រកួតដល់ទី៤៦០ក្រុម។
ក្រុមដែលបានចុះឈ្មោះបានធ្វើការប្រកួតវគ្គជម្រុះដំបូងពីថ្ងៃទី១៩ ដល់ទី២១ ខែមករាដើម្បីស្វែងក្រុមខ្លាំងលំដាប់កំពូលទាំង១៦ក្រុមឡើងទៅវគ្គជម្រុះផ្សាយផ្ទាល់នៅថ្ងៃទី២២-២៣ ខែមករា ដើម្បីចម្រាញ់យក៨ក្រុមចុងក្រោយ។
នៅវគ្គជម្រុះ Spring Split ដដែលនេះ ក្រុមទាំង៨ចុងក្រោយបានប្រកួតប្រជែងគ្នាយ៉ាងស្វិតស្វាញពីថ្ងៃទី២៤-២៥ ខែមករាដើម្បីប្រជែងយកកៅអី៤ឡើងទៅវគ្គវិលជុំសន្សំពិន្ទុដែលមានក្រុមខ្លាំង៤ផ្សេងទៀតកំពុងរង់ចាំដោយស្វ័យប្រវត្តិ។
លទ្ធផលនៃការប្រកួតជម្រុះ ក្រុមខ្លាំងទាំង៤គឺក្រុម Max KH, Logic Esports, Infamous LG និង Divinitysaga ទទួលបានកៅអីឡើងទៅវគ្គវិលជុំសន្សំពិន្ទុ (Regular Season) ដែលមានក្រុមខ្លាំងរង់ចាំគឺ See You Soon, Impunity KH, DG Quantum និង Burn X Flash។
ដូច្នេះនៅវគ្គវិលជុំសន្សំពិន្ទុ មានក្រុមសរុបចំនួន៨ត្រូវប៉ះគ្នាទាំងអស់ដើម្បីសន្សំពិន្ទុស្វែងរកចំណាត់ថ្នាក់ល្អឡើងវគ្គបន្ទាប់ មុនពេលឈានទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រ។
ឆ្នាំ២០២២ វាបានក្លាយជាសមរភូមិប្រកួតដ៏ស្វិតស្វាញ រំភើបរីករាយ និងអស្ចារ្យនៅពេល MPL-KH Pro League ត្រូវបានចែកជាពីរវគ្គផ្សេងគ្នាពោលគឺវគ្គ Spring Split និងវគ្គ Autumn Split។ សម្រាប់វគ្គ Spring Split រំលេចដោយទ្រឹស្តី«កើតមកពូកែ»ដែលនឹងផ្តល់ជូនអត្តពលិកស្វែងរកការបំពេញក្តីស្រមៃតាមរយៈទេពកោសល្យ និងភាពឆ្លាតវៃរបស់ខ្លួន។ ដូច្នេះវាមានន័យថា ក្រុមនីមួយៗនឹងមានឱកាសចូលរួមប្រកួត២ដងក្នុងមួយឆ្នាំ។
ទន្ទឹមជាមួយគ្នានេះ MPL-KH Pro League ដើរតួនាទីយ៉ាងសំខាន់ក្នុងវិស័យកីឡាអេឡិចត្រូនិកកម្ពុជាដែលកំពុងត្រៀមខ្លួន និងបណ្តុះបណ្តាលធនធានមនុស្សសម្រាប់កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ។ ពេលអត្តពលិកហ្វឹកហាត់ច្រើន អនុវត្តច្រើន ប្រកួតប្រជែងច្រើន នោះសមត្ថភាពកាន់តែរីកចម្រើន និងឈានឡើងកម្រិតខ្ពស់ដែលអាចប្រកួតប្រជែងលើឆាកអន្តរជាតិ។