នាយករដ្ឋមន្ត្រីកាណាដាអបអរកីឡាករឥណ្ឌា Bhullar ឈ្នះជើងឯកពិភពលោក ONE

​កីឡាករ​ទម្ងន់​ធ្ងន់ឥណ្ឌា​ Arjan Bhullar បាន​ក្លាយ​ជា​កីឡាករ​ឥណ្ឌា​ទី​១​ឈ្នះ​ជើង​ឯក​គុន​ចម្រុះ​ពិភព​លោក ONE Heavyweight World Title​ បន្ទាប់​ពី​បាន​ផ្តួល​ម្ចាស់​ខ្សែ​ក្រវាត់​ពិភព​លោក Brandon Vera កាល​ពី​ថ្ងៃ​ទី​១៥​ ខែ​ឧសភា​កន្លង​ទៅ​នេះ។​

សមិទ្ធផល​នេះ​ Arjan Bhullar ​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​ប្រជា​ជន​ឥណ្ឌា​ដែល​មាន​ជាង​១.៣​ពាន់​លាន​នាក់ ពី​ព្រោះ​នេះជា​ប្រវត្តិ​សាស្ត្រ​លើក​ដំបូង​ដែល​កីឡាករ​ឥណ្ឌា​ឈ្នះ​ជើង​ឯក​គុន​ចម្រុះ ខណៈ​ប្រទេស​ឥណ្ឌា​ជា​កន្លែង​ដែល​ល្បី​ខាង​កីឡា​គុន​ចំបាប់​ផង។

ក្រៅ​ពី​​ប្រជា​ជន​ឥណ្ឌា​ក៏​មាន​លោក​នាយក​រដ្ឋ​មន្ត្រី​កាណាដាលោក Justin Trudeau បាន​អបអរដល់​កីឡាករ Arjan Singh Bhullar ផង​ដែរ។


លោក​បាន​សរសេរ​លើ​បណ្តាញ​ទំនាក់​ទំនង​សង្គម​ថា ៖«Arjan Singh Bhullar របស់​កាណាដា​ជា​កីឡាករ​ទី​១​​ដែល​បាន​ក្លាយ​ជា​ជើង​ឯក​គុន​ចម្រុះ​ពិភព​​លោក​ដែល​មាន​ដើម​កំណើត​អាស៊ី​ខាង​ត្បូង។ សូម​អបអរសាទរ។ មិន​ថា​​ព្រឹត្តិការណ៍​កីឡា Pan Am​, The​ Commonwealth Games ឬ​​កីឡា​អូឡាំពិក​ទេ គាត់​តែង​តែ​ប្រកួត​ដោយ​សេចក្តី​ក្លាហាន និង​ធ្វើ​ឲ្យ​ប្រជា​ជន​កាណាដា​មាន​មោទនភាព ពិត​ជា​អស្ចារ្យ​ណាស់»។


តាម​ពិត​ទៅ​គ្មាន​អ្វី​ចម្លែក​ទេ ថ្វី​បើ​បច្ចុប្បន្ន​ កីឡាករ Bhullar បាន​ប្រកួត​តំណាង​ឲ្យ​ប្រទេស​ឥណ្ឌា​ ប៉ុន្តែ​បាន​កើត​​នៅ​ប្រទេស​កាណាដា និង​ប្រកួត​កីឡា​ចំបាប់​តំណាង​ប្រទេស​កាណាដា​លើ​ឆាក​អន្តរជាតិ​ជា​ច្រើន។​


Bhullar បាន​ប្រកួត​តំណាងឲ្យ​ប្រទេស​កាណាដា​ក្នុង​ជើង​ឯក​ចំបាប់​ពិភព​លោក​ឆ្នាំ ២០០៧ ២០០៩ ២០១០ និង​២០១១ ប្រកួត​នៅ​ព្រឹត្តិការណ៍​កីឡា Commonwealth ឆ្នាំ​២០១០, ប្រកួតព្រឹត្តិការណ៍​កីឡា Pan American Games ឆ្នាំ​២០០៧ និង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវ​ក្តៅ​ឆ្នាំ​២០១២។


ប៉ុន្តែ​សម្រាប់​ការ​ប្តូរ​ចូល​អាជីព​ប្រដាល់​គុន​ចម្រុះ Bhullar បាន​តំណាង​ឲ្យ​ប្រទេស​ឥណ្ឌា និង​ចារ​ឈ្មោះ​ជា​កីឡាករ​ឥណ្ឌាទី​១ឈ្នះ​ជើង​ឯកគុន​ចម្រុះ​ពិភព​លោក៕

  • ភ្ជាប់ទំនាក់ទំនងជាមួយ SPORTREFRESH