វាអាចចាត់ទុកជាកំណត់ត្រាប្រវត្តិសាស្ត្រថ្មីក្នុងវិស័យបាល់ទាត់កម្ពុជា នៅពេលក្រុម U23 កម្ពុជាបានយកឈ្នះ U23 ព្រុយណេ ដោយលទ្ធផល ៦-០ សម្រាប់ការប្រកួតដំបូងក្នុងពូល A ជើងឯក AFF U23 Championship 2022 នៅពហុកីឡដ្ឋានជាតិមរតកតេជោ។
វគ្គទី១ភ្លាម កម្ពុជាស៊ុតចូលបាន៣គ្រាប់ដែលរកបានដោយកីឡាករ៣នាក់ផ្សេងគ្នាគឺតារាឆ្នើម សៀង ចន្ធា នៅនាទីទី១៨។ តារាកំពុងរះ ញាណ សុស៊ីដាន នៅនាទី២០ និងសមាជិកវិសាខា សារ ទី។
វគ្គទី២ ថ្វីបើមានការរំខានដោយភ្លៀងធ្លាក់រហូតពន្យារពេលការប្រកួត៣០នាទី ប៉ុន្តែក្រោយដំណើរការប្រកួត កម្ពុជារកបាន៣គ្រាប់ទៀតដោយកីឡាករ៣នាក់ផ្សេងគ្នាគឺ តាំង ប៊ុនឆៃ, សរ រតនា និង ណារ៉ុង កក្កដា។
ជ័យជម្នះនេះ កម្ពុជាឈរលើកំពូលតារាងពូល A ដោយមាន៣ពិន្ទុ ខណៈហ្វីលីពីន និងទីម័រខាងកើតមាន១ពិន្ទុម្នាក់ដូចគ្នា ហើយព្រុយណេគ្មានពិន្ទុនៅបាតតារាងបណ្តោះអាសន្ន៕