ព្រឹត្តិការណ៍ប្រកួតកីឡាអេឡិចត្រូនិកថ្នាក់ជាតិឆ្នាំ២០២២រកឃើញក្រុមជើងឯកលើវិញ្ញាសា Mobile Legends ហើយ បន្ទាប់ពីប្រកួតវគ្គផ្តាច់ព្រ័ត្រនៅផ្សារទំនើបអ៊ីអនពីរក្រោមអធិបតីភាព ឯកឧត្តម ជា ចន្ទបរិបូរណ៍ ប្រធានសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា។
បន្ទាប់ពីបញ្ចប់ការប្រកួតលើវិញ្ញាសសា PUBG Mobile កាលពីថ្ងៃទី១៩ ខែកុម្ភៈកន្លងទៅសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (EFC) ចាប់ដៃជាមួយក្រុមហ៊ុនទូរសព្ទ Cellcard បានបញ្ចប់ព្រឹត្តិការណ៍«ដំណើរឆ្ពោះទៅកីឡាស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ នៅវៀតណាម និងការត្រៀមខ្លួនសម្រាប់ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា»។
ការប្រកួតបានចាប់ផ្តើមតាំងពីថ្ងៃទី២៧ ខែមករា ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ដែលមានក្រុមចុះឈ្មោះចូលរួមប្រកួតជាច្រើនមុនពេលជ្រើសរើស៨ក្រុមចុងក្រោយសម្រាប់វិលសន្សំពិន្ទុ។ បន្ទាប់មក ការប្រកួតឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងផ្តាច់ព្រ័ត្រ។ ជាលទ្ធផល ជើងឯកបានទៅក្រុម Burn X Plash បន្ទាប់ពីឈ្នះក្រុម See You Soon។
គោលបំណងនៃការប្រកួតគឺដើម្បីជ្រើសរើសកីឡាករល្អៗបង្កើតជាក្រុមជម្រើសជាតិដើម្បីធ្វើដំណើរទៅប្រកួតកីឡាស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម។ ដូច្នេះមានន័យថា ជយលាភីចុងក្រោននេះមិនទាន់ជាក្រុមជម្រើសជាតិផ្លូវការនៅឡើយទេ ប៉ុន្តែនឹងមានការជ្រើសរើសសមាជិកក្នុងចំណោមក្រុមលេខ១ និងលេខ២ដោយអ្នកជំនាញដើម្បីបង្កើតជាក្រុមជម្រើសជាតិ។
សហព័ន្ធក៏បានបង្កើតគណៈកម្មាបច្ចេកទេសដើម្បីជ្រើសរើស គ្រូបង្វឹក និងកីឡាករជម្រើសជាតិ ដែលជាផ្នែកនៃការអភិវឌ្ឍ បង្កើនសមត្ថភាព និងជំរុញកីឡាអេឡិចត្រូនិកកម្ពុជាដើម្បីឲ្យរីកចម្រើនឈានឡើងលំដាប់អន្តរជាតិសម្រាប់ត្រៀមខ្លួនប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕
ក្រុមជយលាភី
- ជើងឯក៖ ៤៥០០ដុល្លារ
- ជើងឯករង៖ ២០០០ដុល្លារ
- លេខ៣៖ ១០០០ដុល្លារ
- លេខ៤៖ ៥០០ដុល្លារ
- លេខ៥ដល់៨៖ ២៥០ដុល្លារដូចគ្នាក្នុងមួយក្រុម