ការប្រកួត PUBG Mobile ថ្នាក់ជាតិរកបានពីរក្រុមទៅស៊ីហ្គេម នៅវៀតណាម

​ព្រឹត្តិការណ៍​ប្រកួត​ជ្រើស​រើស​ជើង​ឯក​កីឡា​អេឡិចត្រូនិក​លើ​វិញ្ញាសា PUBG Mobile បាន​បញ្ចប់​ហើយ បន្ទាប់​ពី​ធ្វើ​ការ​ប្រកួត​​វគ្គ​ផ្តាច់​ព្រ័ត្រ​នៅ​ផ្សារ​ទំនើប​អ៊ីអន​ពីរ​ក្រោម​វត្តមានលោក លន់ សាមឌី អគ្គលេខាធិការ​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា។

សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា​ (EFC) សហការ​ជា​មួយ​ក្រុម​ហ៊ុន​ទូរសព្ទ Cellcard បាន​រៀប​​ចំ​​ព្រឹត្តិការណ៍​ប្រកួតស្តី​ពី«​ដំណើរ​ឆ្ពោះ​ទៅ​​កីឡា​ស៊ីហ្គេម ​លើកទី៣១ ឆ្នាំ​២០២១ នៅ​វៀតណាមនិង​ការ​ត្រៀម​ខ្លួន​សម្រាប់​ស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​កម្ពុជា»ចាប់​​ពីថ្ងៃទី២៧ ខែមករា ដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២​ដែល​មាន​ក្រុម​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​ចំនួនខ​១៦០​ក្រុម។

គោល​បំណងនៃ​​ការប្រកួត​គឺ​ជ្រើសរើស​ក្រុម​​លេខ​១ ដល់​​លេខ​៤​ លើ​វិញ្ញាសា PUBG Mobile ​ដើម្បី​សម្រឹត​សម្រឹង​​ចុង​ក្រោយ​សម្រាប់​ក្លាយ​ជា​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ទៅ​ប្រកួត​កីឡា​ស៊ីហ្គេម​លើក​ទី​៣១ នៅ​ប្រទេស​វៀតណាម។ ដូច្នេះ​​​ក្រុម​​ទទួល​បាន​ចំណាត់​ថ្នាក់​គឺ​លេខ១ Kill Enemy និង​លេខ​២ Angkor PUBG គឺ​​បាន​ក្លាយ​ជា​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ទៅ​ចូល​រួម​ប្រកួត​កីឡា​ស៊ីហ្គេម លើក​ទី​៣១ ឆ្នាំ​២០២២ នៅ​ប្រទេស​វៀតណាម។

ព្រម​ជា​មួយ​គ្នា​នេះ សហព័ន្ធគ្រោងបង្កើតគណៈកម្មាបច្ចេកទេសដើម្បីជ្រើសរើស គ្រូបង្វឹក និងកីឡាករជម្រើសជាតិ ​ដែល​ជា​​ផ្នែក​នៃ​​​ការ​អភិវឌ្ឍ បង្កើន​សមត្ថភាព បំផុស​បំផុល និង​ជំរុញ​​កីឡា​អេឡិចត្រូនិក​កម្ពុជា​ដើម្បី​​ឲ្យ​រីក​ចម្រើន​ឈាន​ឡើង​លំដាប់​អន្តរជាតិ​​សម្រាប់​​ត្រៀម​ខ្លួន​ប្រកួត​​កីឡា​ស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣​ដែល​កម្ពុជា​​ធ្វើ​ជា​ម្ចាស់​ផ្ទះ។

បន្ថែម​លើ​នេះ​ទៀត​នោះ ​​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា​​ នឹង​បញ្ជូន​មន្រ្តី អាជ្ញាកណ្តាល (ITO) និង​មន្ត្រី​បច្ចេកទេស ទៅ​ចូលរួមរៀបចំការប្រកួត​កីឡា​ស៊ីហ្គេម​ ឆ្នាំ​នេះ​​នៅវៀតណាម៕

ក្រុម​ជយលាភី

  • ជើង​​ឯក​ទទួល​បាន​៣៥០០​ដុល្លារ
  • លេខ​២ ទទួល​បាន ២០០០​ដុល្លារ
  • លេខ​៣ ទទួល​បាន ១០០០​ដុល្លារ
  • លេខ​៤ ទទួល​បាន ៥០០​ដុល្លារ
  • លេខ​៥​ដល់​១០ ទទួល​បាន​២០០​ដុល្លារ​ដូច​គ្នា
  • លេខ​១១​ដល់​១៦ ទទួល​បាន​១០០​ដុល្លារ​ដូច​គ្នា
  • អត្ថ​បទ​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ SPORTREFRESH