កីឡាករ Oleksandr Usyk ដែលជាជើងឯកប្រដាល់សកលទម្ងន់ធ្ងន់ពិភពលោកពីរប្រភេទទម្ងន់របស់ប្រទេសអ៊ុយក្រែនបានចូលបម្រើកងទ័ពហើយនៅពេលប្រទេសមួយនេះកំពុងទទួលរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរពីប្រទេសរុស្ស៊ី។

កីឡាករ Oleksandr Usyk
រហូតដល់ពេលនេះ រុស្ស៊ីបានវាយប្រហារលើអ៊ុយក្រែនឈានចូលដល់ថ្ងៃទី៥ ហើយ និងមិនទាន់មានដំណោះស្រាយណាមួយដើម្បីផ្អាក ឬបញ្ឈប់សង្គ្រាមដ៏សាហាវឡើយ បើទោះជាភាគីទាំងពីរបានជួបចរចាគ្នាកាលពីថ្ងៃចន្ទម្សិលម្សិលមិញ។
ស្របពេលរុស្ស៊ីកំពុងវាយប្រហារយ៉ាងខ្លាំង អ៊ុយក្រែនក៏បានកំពុងទប់ទល់ដើម្បីការពារប្រទេសជាតិ។ ដើម្បីត្រៀមខ្លួនកម្លាំងការពារនេះ ប្រទេសអតីតសហភាពសូវៀតមួយនេះបានកំពុងកេនប្រជាជនឲ្យចូលបម្រើកងទ័ពទាំងបុរស និងស្ត្រីឲ្យតែគ្រប់អាយុ១៨ឆ្នាំឡើង។

កីឡាករ Oleksandr Usyk ធ្វើទាហាន
ជាមួយគ្នានេះ អ្នកប្រដាល់អ៊ុយក្រែន Oleksandr Usyk ក៏បានចូលបម្រើកងទ័ពដូចជាពលរដ្ឋផ្សេងៗទៀត។ ការចូលបម្រើកងទ័ពនេះដូចអតីតជើងឯកពិភពលោកទម្ងន់ធ្ងន់ទាំងពីរដែលជាបងប្អូនបង្កើតគឺ Wladimir និង Vitali Klitschko ក៏បានចូលបម្រើកងទ័ពដើម្បីតទល់នឹងកម្លាំងរុស្ស៊ី។
កីឡាករ Usyk ទទួលបានការចាប់អារម្មណ៍ខ្លាំងទូទាំងពិភពលោកនៅពេលដែលរូបគេត្រូវបានផ្គូផ្គងឲ្យប្រកួតឈ្នះជើងខ្លាំងអង់គ្លេស Anthony Joshua កាលពីឆ្នាំ២០២១ និងទទួលបានខ្សែក្រវាត់ពិភពលោក២គ្រឿង។
កីឡាករបាននិយាយថា ៖«ខ្ញុំពិតជម្នះនឹងអារម្មណ៍រំជើបរំជួល ហើយខ្ញុំពិតជាបារម្ភពីប្រទេស និងប្រជាជនរបស់យើងណាស់។ មិត្តទាំងអស់គ្នា យើងត្រូវតែបញ្ឈប់សង្គ្រាមនេះ ហើយយើងត្រូវតែរួមដៃគ្នា»។

កីឡាករ Oleksandr Usyk ពេលប្រកួតជាមួយAnthony Joshua
រហូតដល់ពេលនេះ Usyk អាយុ៣៥ឆ្នាំ មិនទាន់ស្គាល់បរាជ័យម្តងណាឡើយក្នុងការឡើងសង្វៀនអាជីព១៩ដងគឺឈ្នះទាំង១៩ដង ហើយកំពុងគ្រប់គ្រងខ្សែក្រវាត់ពិភពលោក WBA (Super), IBF, WBO និង IBO៕
ប្រែសម្រួល៖ ពុទ្ធិគុណ
ប្រភព៖ Dailymail