ការលុកលុយរបស់លោក វ្ល៉ាឌីមៀ ពូទីន ទៅលើអ៊ុយក្រែន បានទាក់ទាញការថ្កោលទោសយ៉ាងខ្លាំងជុំវិញពិភពលោក ពីមន្ត្រីថ្នាក់តូចទាប រហូតដល់សាជីវកម្ម និងសហគមន៍ធំៗ។ កាលពីថ្ងៃចន្ទ សមាគមកីឡាតេក្វាន់ដូពិភពលោកបានសម្រេចចិត្តបានដកហូតខ្សែក្រវាត់ខ្មៅរបស់លោក Putin។
សមាគមកីឡាតេក្វាន់ដូពិភពលោក ដែលជាស្ថាប័នគ្រប់គ្រងលំដាប់អន្តរជាតិនៃកីឡានេះ បាននិយាយថា ការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែន ប្រឆាំងនឹងចក្ខុវិស័យរបស់សមាគម “សន្តិភាពមានតម្លៃជាងជ័យជំនះ” ក៏ដូចជាតម្លៃនៃការគោរព និងការអត់ឱនផងដែរ”។
ស្ថាប័នគ្រប់គ្រងបាននិយាយថា៖ “ក្នុងន័យនេះតេក្វាន់ដូពិភពលោកបានសម្រេចចិត្តដកខ្សែក្រវាត់ខ្មៅ៩ដាន់ របស់លោក ដែលប្រគល់ជូនលោក វ្ល៉ាឌីមៀ ពូទីន កាលខែវិច្ឆិកា ឆ្នាំ២០១៣”។
លោក ពូទីន ស្ថិតក្នុងចំណោមមនុស្សមួយចំនួនដែលទទួលបានខ្សែក្រវាត់កិត្តិយស។ អ្នកកាន់ខ្សែក្រវាត់ខ្មៅ៩ដាន់ ផ្សេងទៀតរួមមានអតីតប្រធានាធិបតីអាមេរិក លោក Barack Obama និងប្រធានាធិបតីអ៊ូសបេគីស្ថាន Shavkat Mirziyoyev។
តេក្វាន់ដូពិភពលោកក៏បាននិយាយផងដែរថា ទង់ជាតិរុស្ស៊ី និងភ្លេងជាតិនឹងមិនត្រូវបានបង្ហាញ ឬលេងនៅក្នុងព្រឹត្តិការណ៍របស់ពួកគេឡើយ ហើយក៏មិនមានវត្តមានរបស់បេឡារុស្ស ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់រុស្ស៊ីដែរ។
អង្គភាពនេះបាននិយាយថា គ្មានព្រឹត្តិការណ៍តេក្វាន់ដូនឹងត្រូវបានរៀបចំ ឬទទួលស្គាល់នៅក្នុងប្រទេសទាំងពីរនាពេលនេះទេ។
“គំនិតរបស់តេក្វាន់ដូពិភពលោកគឺនៅជាមួយប្រជាជនអ៊ុយក្រែន ហើយយើងសង្ឃឹមសម្រាប់ការបញ្ចប់សង្រ្គាមនេះដោយសន្តិភាព និងភ្លាមៗ”។
កាលពីថ្ងៃអាទិត្យ លោក ពូទីន ក៏ត្រូវបានព្យួរតំណែងជាប្រធានកិត្តិយសនិងជាទូតសច្ឆន្ទៈនៃសហព័ន្ធយូដូអន្តរជាតិផងដែរ។ លោក ពូទីន វ័យ ៦៩ឆ្នាំ ជាកីឡាករយូដូខ្សែក្រវ៉ាត់ខ្មៅ និងជាសហអ្នកនិពន្ធសៀវភៅមួយក្បាលដែលមានចំណងជើងថា “យូដូ៖ ប្រវត្តិសាស្ត្រ ទ្រឹស្តី ការអនុវត្ត”។
ពិភពកីឡាបានក្លាយជាសំឡេងប្រឆាំងកាន់តែខ្លាំងឡើងអំពីការលុកលុយរបស់រុស្ស៊ីមកលើអ៊ុយក្រែនក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ។ កាលពីថ្ងៃចន្ទដែរ FIFA និង UEFA បានផ្អាកក្រុមជម្រើសជាតិ និងក្លឹបទាំងអស់របស់រុស្ស៊ីពីការប្រកួតបាល់ទាត់អន្តរជាតិ។