ចំណុច​សំខាន់ៗ​​ប្លែក មុន​ការ​ប្រកួត Cambodian Premier League រដូវ​កាល​ថ្មី

មុន​ការ​ប្រកួត​លីគ​កំពូល​កម្ពុជា ឬ​ Cambodian Premier League ចាប់​ផ្ដើម​នា​ថ្ងៃ​ទី ៥ ខែ មីនា ​ចុង​សប្ដាហ៍​នេះ ​ក្រុម​ហ៊ុន​ខេមបូឌាន​ព្រីមៀរលីគ​​បាន​ធ្វើ​សកម្មភាព​គួរ​ឲ្យ​កត់​សម្គាល់ និង​ ប្លែក​ភ្នែក​​​​ជាង​រាល់​ដង។  សូម​ដក​ស្រង់​ចំណុច​ខ្លីៗ​ដូច​ខាង​ក្រោម៖

  • Cambodian Super Cup 2022 ៖ ​នេះ​ជា​ទំព័រ​​ថ្មី​មុន​បើក​រដូវ​កាល ដែល​យក​ក្រុម​ជើង​ឯក​លីគ​កំពូល​ឆ្នាំ ២០២១ ​ប៉ះ​ ​ក្រុម​ពាន​សម្ដេច ហ៊ុន សែន ឆ្នាំ ២០២១ ​សម្រាប់​ពាន​បើក​រដូវ​កាល​ដូច​ប្រទេស​នានា​​តំបន់​អាស៊ី និង អឺរ៉ុប​ដែរ។ គ្រប់​ផេក​នៃ​ក្លិប​ទាំង ៨ បាន​ស៊ែរ និង បង្ហោះ​អំពី​ការ​ប្រកួត​ Cambodian Super Cup 2022។
  • ការ​បង្ហាញ ឬ​ផ្សព្វផ្សាយ​ ឬ ឡង់​សេ ឲ្យ​ក្រុម​ទាំង ៨ ​​នៃ​សមាជិក​លីគ​កំពូល​ចំពោះ​ឯកសណ្ឋាន​រដូវ​កាល ២០២២ របស់​ពួក​គេ​ក្នុង​កម្មវិធី “Press Kick-off Event”​ កាល​ថ្ងៃ​ទី ២ មីនា។ ​ការ​បង្ហាញ​នេះ​ធ្វើ​​ឡើង​​កាល​ពី​ម្សិលិញ​នៅ​សណ្ឋាគារ Sofitel Phnom Penh Phokeethra ដែល​ផ្សាយ​ផ្ទាល់​តាម​ផេក Cambodian Premier League និង ផេក TV5 ​ក្រោម​វត្តមាន​អ្នក​​ចាត់​ការ​ក្លិប​ទាំង ៨ និង​តំណាង​កីឡាករ​មក​ពី​ក្លិប​នីមួយៗ។ កម្មវិធី​នេះ ក្រោម​ការ​​ចាត់​ចែង​ដឹក​នាំ និង​ថ្លែង​សុន្ទរកថា​ដោយ​លោក Satoshi Saito នាយ​ប្រតិបត្តិ​ក្រុម​ហ៊ុន​ខេមបូឌាន​ព្រីមៀរលីគ។
  • គូ​បើក​ឆាក​ថ្ងៃ​តែ​មួយ គឺ ថ្ងៃ​ទី ៥ ខែ មីនា​នេះ។ បឹងកេត ជួប ណាហ្គាវើលដ៍ , អង្គរថាយហ្គឺរ ទទួល វិសាខា, ព្រះ​ខ័នរាជស្វាយ​រៀង ជួប គិរីវង់សុខសែនជ័យ, និង កងយោធពល​ខេមរភូមិន្ទ ​តតាំង​នឹង​ភ្នំពេញក្រោន។

សម្រង់​សម្ដី Satoshi អំឡុង​ពេល​កម្មវិធី “Press Kick-off Event”:

  • «ខ្ញុំ​មក​ទី​នេះ​ដើម្បី​ចង់​ឲ្យ​បាល់ទាត់​កម្ពុជា​រីកចម្រើន និង​ឈាន​ដល់​កម្រិត​ខ្ពស់​មួយ​ទៀត និង បង្កើត​ប្រវត្តិសាស្ត្រ​របស់​ខ្លួន។ ​ខ្ញុំ​បាន​មក​កម្ពុជា​នៅ​ឆ្នាំ២០១៤ ក្នុង​នាម​ទីប្រឹក្សា​យោបល់​របស់ FIFA។ ខ្ញុំ​បាន​ឃើញ​​យុវជន​ក្មេងៗ​លេង​បាល់ទាត់​ ជា​មួយ​នឹង​​ក្ដី​ស្រលាញ់ ប៉ុន្តែ​បាល់ទាត់​មិន​ត្រូវ​បាន​គេ​​មើល​ឃើញ​ថា​ជា​ការងារ​មួយ​នោះ​ទេ។
  • ខ្ញុំ​បាន​គិត​ថា ​វា​ជា​ការ​សម្រេច​ចិត្ត និង​ផ្លាស់​ប្ដូរ​ឧស្សាហកម្ម​បាល់​ទាត់​នៅ​កម្ពុជា។ ពេលខ្ញុំ​បាន​កំពុង​ធ្វើ​ការ​ឲ្យ​សមាគម​បាល់ទាត់​​ជប៉ុន , ជប៉ុន​​មាន​បញ្ហា​​ប្រឈម​មួយ​ចំនួន។ ​ប៉ុន្តែ បន្ទាប់​ពី​លីគ​​បាល់ទាត់​អាជីព​ចាប់​ផ្ដើម​ឆ្នាំ១៩៩៣ អ្វីៗ​គ្រប់​យ៉ាង​គឺ​ត្រូវបាន​​ប្រសើរ​ឡើង។
  • វា​មិន​មែន​សម្រាប់​តែ​ក្លិប និង​កីឡាក​រ​ទេ ប៉ុន្តែ ​ត្រូវ​មាន​ការ​គាំទ្រ​ពី​ អ្នក​ឧបត្ថម្ភ,​ និង ប្រព័ន្ធ​ផ្សព្វផ្សាយ ជា​ដើម។ «​នោះ​វា​ក្លាយ​ជា​ឧស្សាហកម្ម​បាល់ទាត់​ហើយ»។
  • ពេល​ខ្ញុំ​ត្រលប់​ទៅ​ប្រទេស​ជប៉ុន  ខ្ញុំនៅ​តែ​មាន​ទំនាក់​ទំនង​ជា​មួយ​ឯកឧត្តម សៅ សុខា ប្រធាន​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពូជា ។ «​ខ្ញុំ​ចង​ចាំ​អ្វី​ដែល​គាត់​និយា ​ពេល​យើង​​​ជួប​គ្នា។ កម្ពុជា​ជា​ប្រទេស​ក្មេង​ខ្ចី និង​ពោរពេញ​ដោយ​​យុវជន​​ក្មេងៗ។ មនុស្ស​ក្មេងៗ​ទាំង​នេះ ​ត្រូវ​ការ​ក្ដី​សុបិន។​ ដោយ​ទំនុក​ចិត្ត និង​ដោយ​សារ​បាល់ទាត់​ជា​កីឡា​​សកល​លោក​មួយ មនុស្ស​ក្មេងៗ​ទាំង​នេះ​អាច​​រៀន​បង្កើត​ក្ដី​សុបិន​ឲ្យ​ក្លាយ​ជា​ការ​ពិត។
  • ដូច្នេះ​​រយៈពេល ៨ ឆ្នាំ​មក​នេះ ​ខ្ញុំ​ពិត​ជា​មាន​កិត្តិយស​ណាស់​ដែល​ត្រូវ​បាន​តែង​តាំង​ដោយ​ឯកឧត្ដម សៅ សុខា និង នាយក​ប្រតិបត្តិ​របស់​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​ឲ្យ​កាន់​តំណែង​ជា​នាយក​ប្រតិបត្តិ​​ក្រុន​ហ៊ុន​ Cambodian Premier League។
  • ខ្ញុំ​ប្ដេជ្ញា​ចិត្ត​ខ្ពស់​ចំពោះ​គម្រោង​នេះ​ដើម្បី​ធ្វើ​ឲ្យ​​ក្ដី​សុបិន​កម្ពុជា​​ក្លាយ​ជា​ការ​ពិត។  ​ខ្ញុំ​អាច​និយាយ​ថា​អនាគត​នៃ​បាល់ទាត់​កម្ពុជា​កាន់​តែ​​រះ​ចែង​ចាំង​ឡើង។ ​ពេល​នេះ ខ្ញុំ​កំពុង​តែ​ជំរុញ​អ្នក​ទាំង​អស់​គ្នា, ​ប្រកួត​ប្រជែង​ជា​មួយ​អ្នក, សូម​​ធ្វើ​ការងារ​នេះ​ទាំង​អស់​គ្នា, ​ធ្វើ​ការ​ងារ​ឲ្យ​ខ្លាំង​ក្លា​ឡើងនិង​ធ្វើ​ឲ្យ​សុបិន​ក្លាយ​ជា​ការ​ពិត​ទាំង​អស់​គ្នា។

ដោយ SR

 

  • អត្ថ​បទ​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ SPORTREFRESH