ថ្វីត្បិតសង្វៀនទើបបើកដំណើរក្រោយគេ ប៉ុន្តែប្រាក់រង្វាន់ខ្សែក្រវាត់ និងតម្លៃខ្លួនគូប្រកួតឡើងប្រកួតខ្សែក្រវាត់ក៏មិនខុសពីសង្វៀនផ្សេងៗទៀតដែរ។
តាមការឲ្យដឹងពីអ្នកជិតស្និទ្ធនឹងសង្វៀនប្រដាល់ TVK Fighter ថា សម្រាប់កីឡាករដែលឈ្នះខ្សែក្រវាត់ TVK Fighter នឹងទទួលបានប្រាក់រង្វាន់ចំនួន៥ពាន់ដុល្លារអាមេរិក។ ចំណែកតម្លៃខ្លួនកីឡាករឡើងប្រកួតខ្សែក្រវាត់ចាប់ពីវគ្គដំបូងទៅ អ្នកឈ្នះទទួលបានតម្លៃខ្លួន៣៥០ដុល្លារអាមេរិក និងអ្នកចាញ់ទទួលបាន៣០០ដុល្លារអាមេរិក។
សង្វៀន TVK Fighter របស់ទូរទស្សន៍ជាតិកម្ពុជាបានចាប់ផ្តើមយុទ្ធនាការណ៍ប្រកួតដណ្តើមខ្សែក្រវាត់ហើយដែលរដូវកាលដំបូងនេះប្រជុំដោយជើងខ្លាំងទម្ងន់៥៧គីឡូក្រាម។ ជើងខ្លាំងទាំង៨រូបត្រូវបានបែងចែកជាពីរពូល ក្នុងមួយពូលមានបេក្ខភាព៤រូប។ សម្រាប់ពូល A មានកីឡាករ ឃួន ឡាំកូស៊ីន, ជ័យ គឹមហុង, សាន្ត វាសនា និង យ៉ន ពិសី ខណៈពូល B មានកីឡាករ ថេនខាំ កូនខ្លា, ធន់ អៀងឡេង, សូដា សុភាព និង បាន លីម។
រូបមន្តនៃការប្រកួតគឺវិលជុំសន្សំពិន្ទុក្នុងពូល កីឡាករណាដែលមានពិន្ទុខ្ពស់ជាងគេពោលគឺលេខ១ និងលេខ២ក្នុងពូលនីមួយៗនឹងឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ មុនពេលរកឃើញជើងខ្លាំងឡើងទៅវគ្គផ្តាច់ព្រ័ត្រ។
សង្វៀនថ្មីនេះក៏ជាផ្នែកមួយនៃការបណ្តុះបណ្តាលធនធានកីឡាករប្រដាល់គុនខ្មែរ និងជួយធ្វើឲ្យកីឡាករ កីឡាការិនីមានទីផ្សារកាន់តែច្រើនក្នុងការឡើងប្រកួត ក៏ដូចជាទទួលបានប្រាក់ចំណូលដើម្បីចិញ្ចឹមគ្រួសារ។
ការប្រកួតនឹងចាប់ផ្តើមនៅថ្ងៃទី១០ ខែមីនា ខាងមុខនេះនៅស្ថានីយ៍ទូរទស្សន៍ជាតិកម្ពុជា ក្នុងរាជធានីភ្នំពេញ។ ការប្រកួតរាល់ថ្ងៃទី១០ និងថ្ងៃ២៤ នៃខែនីមួយៗ៕
អត្ថបទ៖ ពុទ្ធិគុណ