បន្ទាប់ពីអ្នកលេងគុនចម្រុះឥណ្ឌូណេស៊ី Eko Roni Saputra ប្រកាសចង់ជួបអ្នកលេងគុនចម្រុះកម្ពុជា ចាន់ រតនា នៅលើឆាកសង្វៀនពិភពលោក ONE Championship តាំងពីជាងមួយឆ្នាំមុន ពេលនេះការពិតបានកើតឡើងហើយ។
អ្នកលេងគុនចម្រុះកម្ពុជា ចាន់ រតនា និង Eko Roni Saputra នឹងជួបគ្នាក្នុងព្រឹត្តិការណ៍ផ្សាយផ្ទាល់ ONE: LIGHT OUT នាថ្ងៃសុក្រ ទី១១ ខែមីនានេះនៅប្រទេសសិង្ហបុរី។ ជំនួបនេះពិតជាសំខាន់ណាស់សម្រាប់អ្នកទាំងពីរ។
ក្នុងចំណោមជ័យជម្នះ៦លើកនៅសង្វៀន ONE ចាន់ រតនា បានឈ្នះកីឡាករឥណ្ឌូណេស៊ី២នាក់គឺឆ្នាំ២០១៨ បានផ្តួលជើងខ្លាំងឥណ្ឌូណេស៊ី Abro Fernandes ក្នុងទឹកទី២ និងឆ្នាំ២០១៩ បានបន្តផ្តួលជើងខ្លាំងឥណ្ឌូណេស៊ី Rudy Agustian នៅក្នុងទឹកទី២ទៀត។
មូលហេតុនេះហើយបានជា Saputra បានប្រកាសចង់ជួប ចាន់ រតនា ដើម្បីបំបែកកំណត់ត្រាគឺទី១សងសឹកឲ្យមិត្តរួមជាតិ និងទី២ធ្វើឲ្យប្រាកដច្បាស់ថា រូបគេជាកីឡាករឥណ្ឌូណេស៊ីទី១ដែលទទួលបានជ័យជម្នះលើ ចាន់ រតនា ដែលរហូតដល់ពេលនេះមិនទាន់មានកីឡាករឥណ្ឌូណេស៊ីណាម្នាក់ឈ្នះជើងខ្លាំងកម្ពុជាឡើយ។
ក្រោយពេលប្រកាសចង់ជួប ចាន់ រតនា ប៉ុន្តែមិនបានជួបតាមបំណងប្រាថ្នា កីឡាករឥណ្ឌូណេស៊ី Eko Roni Saputra បានទៅប្រកួតជាមួយកីឡាករចិន Pengshuai Liu និងបានយកឈ្នះក្នុងទឹកទី១ដោយកណ្តាប់ដៃ។ តាមរយៈជ័យជម្នះនេះធ្វើឲ្យរូបគេឡើងប្រកួតឈ្នះ៥លើកជាប់គ្នាក្នុងចំណោមប្រវត្តិប្រកួត៦ដងនៅសង្វៀន ONE។
ក្នុងចំណោមជ័យជម្នះទាំង៥ដងនេះ រូបគេក៏ធ្លាប់ផ្តួលកីឡាករកម្ពុជា ខុន ស៊ីចាន់ នៅក្នុងទឹកទី១កាលពីខែកុម្ភៈ ឆ្នាំ២០២០។
ចំណែកអ្នកលេងគុនចម្រុះលេខ១កម្ពុជា ចាន់ រតនា មិនបានឡើងប្រកួតទេគិតចាប់តាំងពីចាញ់កីឡាករចិន Wei Xie កាលពីខែធ្នូ ឆ្នាំ២០២០ពោលគឺរយៈពេលជាងមួយឆ្នាំហើយ។ រូបគេបានទៅលេងប្រពន្ធកូននៅប្រទេសបារាំង និង ទើបតែ វិលត្រឡប់មកកម្ពុជាវិញកាលពីពេលថ្មីៗនេះ។
សម្រាប់ការជួប Eko Roni Saputra នេះគឺ ចាន់ រតនា ត្រូវមានកាតព្វកិច្ចពីរសំខាន់គឺទី១ធ្វើយ៉ាងណារក្សាកំណត់ត្រាជ័យជម្នះរបស់ខ្លួនឲ្យបានជោគជ័យលើកីឡាករឥណ្ឌូណេស៊ី និងទី២ក៏ជាផ្នែកមួយក្នុងការសងសឹកឲ្យ ខុន ស៊ីចាន់ ដែលធ្លាប់ចាញ់ Eko Roni៕
អត្ថបទ ONE