ចាន់ រតនា ប្រាប់​ថា ត្រូវ​ការ​ជ័យជម្នះ​ដាច់​ខាត​លើ Ekno Roni

អ្នក​លេង​គុន​ចម្រុះ​កម្ពុជា ចាន់ រតនា និង Eko Roni Saputra នឹង​ជួប​គ្នា​ក្នុង​ព្រឹត្តិការណ៍​ផ្សាយ​ផ្ទាល់ ONE: LIGHT OUT នាថ្ងៃ​សុក្រ ទី​១១ ខែ​មីនា​នេះនៅ​ប្រទេស​សិង្ហបុរី។ ជំនួប​នេះ​ពិត​ជា​សំខាន់​ណាស់​សម្រាប់​អ្នក​ទាំង​ពីរ។

អ្នក​លេង​គុន​ចម្រុះ​កម្ពុជា ចាន់ រតនា ​រីក​រាយ​ទាំង​អស់ ទោះ​បី​ជា​ជួប​ដៃ​គូ​ណា​ក៏។ មិន​​មិន​ថា កីឡាករ​ឥណ្ឌូណេស៊ី ឬ​កីឡាករ​ប្រទេស​ណា​ទេ គឺ​ស្វាគមន៍​ទាំង​អស់។ កីឡាករ​និយាយ​ថា ៖«ខ្ញុំ​មិន​បាន​សិក្សា​ស្វែង​យល់​​ពី​គាត់​បាន​ច្បាស់​លាស់​ទេ ពី​ព្រោះ​៥​ប្រកួត​ចុង​ក្រោយ​ដែល​គាត់​ឈ្នះ​ទាំង​អស់​គឺ​ឈ្នះ​ទឹក​ទី​១ដូច​គ្នា ហើយ​មើល​ទៅ​គាត់​មិន​ទាន់​បញ្ចេញ​សមត្ថភាព​អស់​ផង»។

និយាយ​ពី​ការ​ត្រៀម​ខ្លួន​វិញ ចាន់ រតនា បាន​ប្រាប់​ថា បន្ទាប់​ពី Eko Roni ប្រកាស​ចង់​ជួប​​រូប​គេ​​កាល​ពី​ខែ​មិថុនា ឆ្នាំ​២០២១ រូប​​គេ​បាន​ចាប់​ផ្តើម​ហ្វឹក​ហាត់​​តាំង​ពី​ពេល​នោះ​មក។ ជុំ​វិញ​សមកត្ថភាព​របស់​ដៃ​គូ​ថ្មី​នេះ​វិញ អតីត​អ្នក​លេង​គុន​ខ្មែរ​គិត​ថា ខ្លាំង និង​ល្អ​ជំនាញ​ក្រោម។

រតនា បាន​និយាយ​ថា ៖«សម្រាប់​ខ្ញុំ​គ្រប់​ដៃ​គូទាំង​អស់​សុទ្ធ​​តែ​គ្រោះ​ថ្នាក់។ យើង​មិន​អាច​មើល​ស្រាល​ដៃ​គូ​បាន​ទេ។ រឿង​សំខាន់​គឺ​ត្រូវ​ស្ទាប​ស្ទង់​សមត្ថភាព​គេ​ពេល​ជួប​គ្នាលើ​សង្វៀន»។

បរាជ័យ​ចុង​ក្រោយជា​មួយ​កីឡាករ​ចិន​កាល​ពី​ជាង​មួយ​ឆ្នាំ​មុន​បាន​ជំរុញ​ឲ្យ បុរស​ដែល​មាន​ភរិយា​ជា​នារី​បារាំងប្តេជ្ញា​ស្តារ​កិត្តិយស​ឡើង​វិញ។ កីឡាករ​និយាយ​ថា ៖«ជ័យជម្នះលើក​នេះ​ពិត​ជា​សំខាន់​ណាស់​ ពី​ព្រោះ​ប្រកួត​ចុង​ក្រោយ​ ខ្ញុំ​បាន​ចាញ់ ដូច្នេះ​ខ្ញុំ​ចង់​​ទទួល​បាន​លទ្ធផល​គួរ​ជាទី​ពេញ​ចិត្ត​វិញ»។

«ខ្ញុំ​ត្រូវ​ការ​ឈ្នះ​សម្រាប់​ការ​ប្រកួត​នេះ ដោយ​សារ​ខ្ញុំ​មិន​សប្បាយ​ចិត្ត​នឹង​លទ្ធផល​ចុង​ក្រោយរបស់​ខ្ញុំ។ មែន​ទែន​ទៅ ខ្ញុំ​មិន​ខ្វល់​បញ្ឈប់​កំណត់​ត្រា​របស់​គាត់​ឬ​យ៉ាង​ណា​ទេ​ ខ្ញុំ​ខ្វល់​តែ​រឿងឈ្នះ»។ ចាន់ រតនា បាន​បញ្ជាក់។

កីឡាករ​ឥណ្ឌូណស៊ី Eko Roni  បាន​និយាយ​ថា រូប​គេ​មិន​ខ្លាច​ជំនាញ​គុន​ខ្មែរ​របស់ ចាន់ រតនា ទេ ប៉ុន្តែ​ជំនាញ​ចំបាប់​របស់​ខ្លួន​នឹងបញ្ឈប់​​អ្នក​លេង​គុន​ចម្រុះ​កម្ពុជា​រូប​នេះ​ពាក់​កណ្តាល​ផ្លូវ។ ជុំ​វិញ​សំដី​របស់​កីឡាករ​ឥណ្ឌូណេស៊ី ចាន់ រតនា បាន​លើក​ឡើង​ថា ៖«ខ្ញុំ​ធ្លាប់​​ចាញ់​ដោយ​ក្បាច់​ឃ្លេ​តែ​ម្តង​គត់​​គឺ​កីឡាករចិន Xie Bin  ដូច្នេះ​ខ្ញុំ​ទុក​ចិត្ត​លើ​បទ​ពិសោធ និង​របៀប​ការពារ​របស់​ខ្ញុំ ពី​ព្រោះ​ខ្ញុំ​ហ្វឹក​ហាតើ​ការពារ​ក្បាច់​ឃ្លេ​ជា​មួយ​អ្នក​ជំនាញ​ច្រើន​ហើយ»។

«បើ​គាត់​និយាយ​ថា មិន​ខ្លាច ខ្ញុំ​ក៏​មិន​ខ្លាច​គាត់​ដែរ ហើយ​ខ្ញុំ​ពិត​ជា​ចង់​ប្តូរជា​មួយ​គាត់​ណាស់»។

អ្វី​ដែល​អ្នក​គាំទ្រ​ចង់​បាន​បំផុត​នោះ​លទ្ធផល​នៃ​ការ​ប្រកួត។ ​ចំណុច​នេះ ចាន់ រតនា ​ផ្តល់​កម្លាំង​ចិត្ត​ឲ្យ​ខ្លួន​ឯង​​១០០​%​ក្នុង​ក្តី​សង្ឃឹម​ទទួល​បាន​ជ័យជម្នះ។

ចាន់ រតនា បាន​បញ្ជាក់​ថា ៖«ខ្ញុំ​គិត​ថា ការ​ប្រកួត​គុន​ចម្រុះ​កម្រ​ចប់​​​៣​ទឹក​ណាស់។ សម្រាប់​ការ​ប្រកួត​នេះយូរ​​ត្រឹម​២​ទឹក​ប៉ុណ្ណោះ។ មិន​​​ហ៊ាននិយាយ​ថា នរណា​បញ្ឈប់​នរណា​ទេ។ បើ​មិន​គេ​ក៏​ខ្ញុំ។ ខ្ញុំ​តែង​តែ​ផ្តល់​កម្លាំង​ចិត្ត​ខ្លួន​ឯង​ឲ្យ​សង្ឃឹម​ឈ្នះ​១០០​%​សម្រាប់​ការ​ប្រកួត​នេះ»៕

 

  • អត្ថ​បទ​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ SPORTREFRESH