អ្នកលេងគុនចម្រុះឥណ្ឌូណេស៊ី Eko Roni Saputra បានលើកឡើងថា រូបគេនឹងប្រើជំនាញចំបាប់របស់ខ្លួនដើម្បីឃ្លេអ្នកលេងគុនចម្រុះកម្ពុជា ចាន់ រតនា ឲ្យចុះចាញ់ នៅពេលអ្នកទាំងពីរត្រូវជួបគ្នាក្នុងព្រឹត្តិការណ៍ផ្សាយផ្ទាល់ ONE: LIGHT OUT នាថ្ងៃសុក្រ ទី១១ ខែមីនានេះ។
Eko Roni បាននិយាយថា ៖«ខ្ញុំមិនភ័យខ្លាចក្បាច់គុនខ្មែររបស់ ចាន់ រតនា។ គោលបំណងរបស់ខ្ញុំគឺប្រើក្បាច់ចំបាប់ពិសេសរបស់ខ្ញុំដើម្បីឃ្លេ រតនា ឲ្យចុះចាញ់។ ខ្ញុំនឹងមិនប្រឹងសម្រុកខ្លាំងភ្លាមៗទេ តែខ្ញុំនឹងបញ្ឈប់គាត់ពាក់កណ្តាលផ្លូវ មិនថាឃ្លេឲ្យចុះចាញ់ ឬក៏ផ្តួលឲ្យសន្លប់នោះទេ»។
ទោះបីជាយ៉ាងណា អ្នកលេងគុនចម្រុះឥណ្ឌូណេស៊ីរូបគិតថា អ្នកលេងគុនខ្មែររូបនេះនឹងក្លាយជាដៃគូតឹងតែងបំផុតក្នុងអាជីពគុនចម្រុះរបស់ខ្លួន។ សម្រាប់ការប្រកួតនេះលើកនេះ ប្រសិនបើរូបគេឈ្នះនឹងឡើងទៅកាន់កំពូលតារាងនៃប្រភេទទម្ងន់របស់ខ្លួន។
«បើខ្ញុំទទួលបានជ័យជម្នះ ខ្ញុំចង់ឡើងទៅកាន់ក្នុងចំណោមកីឡាករកំពូលខ្លាំងទាំង៥រូបនៃប្រភេទទម្ងន់ flyweight។ ខ្ញុំរក្សាជ័យជម្នះរបស់ខ្ញុំបន្តទៀត ហើយជឿថា ពីរប្រកួត រាប់ទាំង ការប្រកួតជាមួយ រតនា ផង ខ្ញុំនឹងឡើងទៅកាន់កំពូលតារាងទាំង៥រូប»។ Eko Roni បាននិយាយ។
ថ្វីបើរូបគេជាកីឡាករឥណ្ឌូណេស៊ី និងមានពីរនាក់រួចមកហើយដែលធ្លាប់ចាញ់ អ្នកលេងគុនខ្មែរ ប៉ុន្តែរូបគេគ្មានចេតនាសងសឹកឲ្យមិត្តរួមជាតិឡើយ។ កីឡាករបាននិយាយថា ៖«ខ្ញុំដឹងថា មិត្តរួមជាតិខ្ញុំ២រូបបានចាញ់ រតនា ប៉ុន្តែការប្រកួតនេះមិនមែនជាការសងសឹកទេ។ វាជាការប្រកួតរវាងខ្ញុំ និង ចាន់ រតនា ប៉ុណ្ណោះ»៕