ចាន់ រតនា ទទួលស្គាល់មូលហេតុធ្វើឲ្យចាញ់ Eko Roni យ៉ាងឆាប់រហ័ស

អ្នក​លេង​គុន​ចម្រុះ​កម្ពុជា ចាន់ រតនា បាន​ចាញ់​កីឡាករ​ឥណ្ឌូណេស៊ី​ Eko Roni Saputra ​យ៉ាង​ឆាប់​រហ័ស​​​ក្នុង​ដើម​ទឹក​ទី១​នៃ​​ព្រឹត្តិការណ៍​ផ្សាយ​ផ្ទាល់ ONE: LIGHT OUT កាល​ពី​​ថ្ងៃ​សុក្រ ទី​១១ នៅ​ប្រទេស​សិង្ហបុរី។

ជុំ​វិញ​បរាជ័យ​យ៉ាង​ឆាប់​រហ័ស​ហួស​ពី​ការ​រំពឹង​ទុក​នេះ​ត្រូវ​បាន​ ចាន់ រតនា បាន​ប្រាប់​ក្រោយ​ពេល​ប្រកួត​ថា កត្តា​ចម្បង​ដែល​ធ្វើ​ឲ្យ​រូប​គេ​ចាញ់​យ៉ាង​ឆាប់​រហ័ស​បែប​នេះ​គឺ​បណ្តាល​មក​ពី​រូប​គេ​មើល​ស្រាល​ដៃ​គូ។

ចាន់ រតនា បាន​រៀប​រាប់​ថា ៖«មូល​ហេតុ​ចម្បង​មក​ពី​ខ្ញុំ​ធ្វេស​ប្រហែស។ ខ្ញុំ​មើល​ស្រាល​ការ​ចាប់​របស់​គេ​ពេក។ ធ្វើ​ឲ្យ​ដៃ​របស់​គាត់​ឃ្លេ​ដល់​បំពង-ក​របស់​ខ្ញុំ​ពេញ។ តាម​ពិត​ទៅ​ដៃ​របស់​គាត់​ធំ​អីចឹង ឃ្លេ​មិន​សូវ​ដល់​បំពង-ក ទេ បើបាន​ការពារ​​ តែ​ខ្ញុំ​ប្រហែស​ធ្វើ​ឲ្យ​ដៃ​របស់​គាត់​ចូល​ដល់​បំពង-ក​ពេញ»។

សម្រាប់​កម្លាំង​ស៊ុហ្វ និង​កាយ​សម្បទា​របស់ Eko Roni មិន​សូវ​ខ្លាំង​ និង​រឹង​មាំ​​ដូច​ដៃ​គូ​មុន​គឺ​កីឡាករ​ចិនឡើយ​​ ហើយ​អាច​ទប់​ទល់​បាន​សម្រាប់​កម្លាំង​ស៊ុហ្វ និង​កាយ​សម្បទា។

«បើ​និយាយ​​កម្លាំង និង​រាង​កាយ គឺ​មិន​ដូច​ដៃ​គូ​ខ្ញុំ​មុន​គឺ​ Xie Wei ទេ។ បើ​ខ្ញុំ​ដោះឃ្លេ​របស់​គាត់​បាន ខ្ញុំ​អាចទប់​ទល់ ហើយ​ក៏​មាន​សង្ឃឹម​ឈ្នះ​ច្រើន​ដែរ»។ ចាន់ រតនា បាន​បន្ថែម។

ការ​ពិត​នៅ​លើ​សង្វៀន​បង្ហាញ​ថា ចាន់ រតនា បាន​ចាប់​ផ្តើម​ការ​ប្រកួត​នៅ​ទឹក​ទី​១​ដោយ​មិន​មាន​ការ​​វាស់​ស្ទង់​ឡើយ​ពោល​គឺ​ចូល​ទាត់ និង​ទាត់តែ​ម្តង ខណៈ​កីឡាករ​ឥណ្ឌូណេស៊ី Eko Roni ក៏​បាន​ទាត់ ព្រម​ទាំង​ប្រើ​កណ្តាប់​ដៃ​ដ៏​មាន​ប្រសិទ្ធភាព​ដែរ។

បន្ទាប់​មក​កីឡាករ​ឥណ្ឌូណេស៊ី​រូប​នេះ​ចូល​អោប ហើយ​នៅ​ពេល ចាន់ រតនា ក្រោក​ឈរ រូប​គេ​បាន​អោប​ពី​ក្រោយ និង​កាច់​ផ្តួល។ ពេល​នោះ​ហើយរូប​គេ​មាន​ឱកាសចាប់​ឃ្លេ​ដៃ​ទាំង​ពីរ​បង្ខំ​ឲ្យ​អ្នក​លេង​គុន​ខ្មែរ​គោះ​ដៃ​សុំ​ចាញ់​តែ​ម្តងនូវ​នាទី​១:៤០​ក្នុង​ទឹក​ទី​១។

នេះ​ជា​បរាជ័យ​​លើក​នេះ​គឺ​ជា​​ពីរ​លើក​ជាប់​គ្នា​សម្រាប់ ចាន់ រតនា បន្ទាប់​បាន​ចាញ់​កីឡាករ​ចិន Xie Wei ក្នុង​ទឹក​ទី​៣​កាល​ពី​ចុង​ឆ្នាំ​២០២០។ ទោះ​ជា​យ៉ាង​ណា អ្នក​លេង​គុន​ខ្មែរ​រូប​នេះ​នៅ​តែ​ប្តេជ្ញា​បន្ត​ហ្វឹក​ហាត់​តាម​រយៈ​គំនិត​វិជ្ជមាន​ជា​និច្ច និង​ទុក​ជា​មេ​រៀន​ក្នុង​ជីវិត៕​

  • ភ្ជាប់ទំនាក់ទំនងជាមួយ SPORTREFRESH