ជើងខ្លាំងមួយថៃដែលគ្រប់គ្នាស្គាល់រហស្សនាម«មនុស្សដែក» Rodtang Jitmuangnon នឹងប្រកួតជាមួយជើងខ្លាំងគុនចម្រុះចាស់វស្សា Demetrious Johnson ក្នុងព្រឹត្តិការណ៍ខួប១០ឆ្នាំ ONE X នាថ្ងៃសៅរ៍ ទី២៦ ខែមីនា ខាងមុខ។
ជំនួបជើងខ្លាំងខុសជំនាញគ្នាទាំងពីររូបត្រូវបានប្រកាសជាច្រើនខែមកហើយ។ ការប្រកួតនេះត្រូវបានដាក់លក្ខន្តិកៈពិសេសមិនធ្លាប់មានដែលត្រូវបានគេហៅថា ការប្រកួតកូនកាត់គុនចម្រុះ និងមួយថៃ។ ការប្រកួតត្រូវធ្វើឡើងចំនួន៤ទឹកដែលក្នុង១ទឹកមាន៣នាទី។ ទឹកទី១ និងទី៣គឺប្រកួតច្បាប់មួយថៃ ខណៈទឹកទី២ និងទី៤គឺប្រកួតច្បាប់គុនចម្រុះ ហើយគ្មានចៅក្រមកាត់សេចក្តីទេ។
សម្រាប់ការត្រៀមខ្លួនជាច្រើនខែកន្លងទៅនេះ ជើងខ្លាំងមួយថៃ Rodtang បានបង្ហាញអារម្មណ៍ពិត និងអ្វីដែលរូបគេជួបក្នុងការត្រៀមខ្លួនសម្រាប់ប្រកួតយ៉ាងពិសេសនេះ។
Rodtang បាននិយាយថា ៖«ខ្ញុំមានអារម្មណ៍អស់កម្លាំងខ្លាំងណាស់ ពេលហាត់គុនចម្រុះ ដោយសារមិនធ្លាប់ហាត់ពីមុន។ ខ្ញុំក៏រីករាយចំពោះការហ្វឹកហាត់ជំនាញថ្មីនេះដែរ»។
ទោះជាយ៉ាងណានៅពេល«មនុស្សដែក»រូបនេះបានមើលវីដេអូប្រកួតកន្លងមករបស់ Johnson បានធ្វើឲ្យរូបគេភ័យខ្លាច និងសួរខ្លួនឯងថាតើត្រូវទប់ទល់ដោយរបៀបណា?
«ប៉ុន្តែនៅពេលខ្ញុំមើលវីដេអូរបស់គាត់ធ្វើឲ្យខ្ញុំភ័យ។ តើខ្ញុំប្រើក្បាច់អ្វីការពារល្បឿនដ៏លឿនរបស់គាត់? តើខ្ញុំទប់ទល់ដោយរបៀបណា? ដោយសារ DJ អាចចាប់ផ្តួលដៃគូ ហើយគាត់មានចលនា និងផ្លាស់ប្តូរគោលជំហរគ្រប់ពេលវេលា។ មើលទៅផ្លាស់ប្តូរលឿន រកតែឃ្លេ–ក ហើយខ្ញុំអត់មានបទពិសោធគុនចម្រុះផង។ តែខ្ញុំក៏ហាត់គុនចម្រុះ និងមួយថៃផងដែរ»។
ទោះជាយ៉ាងណា កីឡាករថៃរូបនេះបានប្តេជ្ញាថា រូបគេនឹងតស៊ូរហូតដល់ដង្ហើមចុងក្រោយ។ កីឡាករនិយាយថា ៖«ខ្ញុំនឹងមិនបោះបង់ចោលងាយៗនោះទេ។ បើគាត់អាចចាប់ផ្តួលខ្ញុំ និងឃ្លេខ្ញុំបាននោះ ខ្ញុំនឹងមិនបោះបង់ទេ បើគាត់មិនឃ្លេខ្ញុំឲ្យស្លាប់ ឬរឹត–កដល់សន្លប់»។
ផ្ទុយទៅវិញ Rodtang បញ្ជាក់ថា ប្រសិនបើកីឡាករអាមេរិកអាចចូលកៀក រូបគេនឹងមិនបណ្តោយឲ្យចាប់ផ្តួលដោយស្រួលៗនោះទេ។ «បើគាត់ចូលកៀក រកចាប់ផ្តួលខ្ញុំ ទទួលយកកណ្តាប់ដៃរបស់ខ្ញុំជាមុនសិន។ គាត់នឹងស្គាល់ថ្នាំខ្លាំងថាតើហ៊ានចូលជិតឬអត់»។
ជើងឯកមួយថៃពិភពលោកផ្តោតចម្បងលើការប្រកួតក្នុងទឹកទី១ ពីព្រោះជាទឹកមួយថៃដែលរូបគេមានប្រៀប។ រូបគេត្រៀមវ៉ៃសន្ធាប់ឲ្យ Johnson អស់កម្លាំងដែលមិនអាចមានកម្លាំងគ្រប់គ្រាន់សម្រាប់ទឹកទី២។
កីឡាករនិយាយថា ៖«បើគាត់អាចទប់ទល់កណ្តាប់ដៃរបស់ខ្ញុំបាននៅទឹកទី១ គាត់ត្រូវការឃ្លេខ្ញុំឲ្យចុះចាញ់ក្នុងទឹកទី២។ យ៉ាងណា បើដល់ទឹកទី២ ចាត់ទុកសំណាងហើយ។ ខ្ញុំគ្រោងវ៉ៃសន្ធាប់ខ្លាំងនៅទឹកទី១ ដូច្នេះគាត់អស់កម្លាំងស៊ុហ្វដែលមិនមានកម្លាំងគ្រប់គ្រាន់វ៉ៃក្នុងទឹកទី២ឡើយ»។
Rodtang បានបញ្ជាក់បន្ថែមថា ៖«Johnson គ្រោងឃ្លេខ្ញុំឲ្យចុះចាញ់ទឹកទី២។ អូ? ហេតុអ្វី គាត់មិនគិតផងថា ជើងរបស់គាត់ ឬឆ្អឹងជំងឺ ត្រូវខ្ញុំទាត់ឡើងបាក់ ឬជាំ ឬក៏បែកដោយសារកែងរបស់ខ្ញុំនៅទឹកទី១។ គាត់ត្រៀមរត់ពេញសង្វៀនឲ្យហើយទៅក្នុងទឹកទី១»៕