ជើងខ្លាំង៧រូបនេះសុទ្ធតែគិតថា Johnson នឹងឈ្នះមនុស្សដែក Rodtang ថ្ងៃស្អែក

នៅសល់តែប៉ុន្មានម៉ោងទៀតប៉ុណ្ណោះ ជើងខ្លាំងមួយថៃ និងជើងខ្លាំងគុនចម្រុះលំដាប់ពិភពលោកត្រូវពាក់មុខយក្សតទល់គ្នាចំនួន៤ទឹក។

នៅថ្ងៃសៅរ៍ ទី២៦ ខែមីនានេះ ជើងឯកមួយថៃពិភពលោក ONE Flyweight កីឡាករ Rodtang Jitmuangnon នឹងត្រូវប្រឈមជាមួយជើងឯកគុនចម្រុះពិភពលោក១២សម័យកាល MMA Flyweight កីឡាករអាមេរិក Demetrious Johnson សម្រាប់ការប្រកួតច្បាប់ពិសេសនៅព្រឹត្តិការណ៍ខួប១០ឆ្នាំ ONE X នៅប្រទេសសិង្ហបុរី។

ច្បាប់នៃការប្រកួតនេះពិតជាពិសេស និងគួរឲ្យចាប់អារម្មណ៍។ ការប្រកួតមាន៤ទឹក ហើយក្នុង១ទឹកមាន៣នាទី។ ទឹកទី១ និងទី៣ប្រកួតក្បាច់សេរី (មួយថៃ) ខណៈទឹកទី២ និងទី៤ប្រកួតគុនចម្រុះចម្រុះ (MMA)។ ការប្រកួតគ្មានចៅក្រមដាក់ពិន្ទុទេ ហើយបើគ្មាននរណាម្នាក់សន្លប់ លទ្ធផលនឹងស្មើគ្នា។

មុនជំនួបដ៏ពិសេសប្លែកនេះមក មានការតារាប្រដាល់ឆ្នើមៗរបស់ ONE Championship បានធ្វើការព្យាករ និងភាគច្រើនមើលឃើញថា កីឡាករថៃនឹងពិបាកជាមួយកីឡាករគុនចម្រុះអាមេរិក។

កីឡាករ Adriano Moraes

«ខ្ញុំជឿថា DJ នឹងទប់ជំនាញមួយថៃរបស់ Rodtang ក្នុងទឹកទី១ និងឃ្លេកីឡាករថៃនេះឲ្យចុះចាញ់ក្នុងទឹកទី២»។

កីឡាករ Adrian Mattheis

«គូនេះញាក់សាច់។ ខ្ញុំជឿជាក់លើ Demetrious Johnson។ Rodtang នឹងចុះចាញ់ក្នុងទឹកទី២»

កីឡាករ Martin Nguyen

«DJ រួចផុតពីទឹកទី១ ខ្ញុំទាយថា ៩០%គឺគាត់មានឱកាសឈ្នះក្នុងទឹកទី២»។

កីឡាករ Reinier de Ridder

«ខ្ញុំគិតថា ទឹកទី១ Rodtang នឹងពិបាកដោយសារ DJ ផ្លាស់ទី។ គេនឹងព្យាយាមវ៉ៃសម្រុកខ្លាំងទឹកទី១ តែនៅទឹកទី២ DJ នឹងចាប់ផ្តួល និងព្យាយាមឃ្លេ-ក»។”

កីឡាករ Liam Harrison

«ព្រះអើយមិនដែលឃើញវ៉ៃបែបនេះទេពីមុន។ តាមធម្មតា Rodtang ជាកីឡាករទាបជាងដៃគូ ហើយ DJ ក៏តូចជាងដៃគូដែរ ដូច្នេះប្រហែលជា Rodtang បាញ់ដូចព្យុះក្នុងទឹកទី១ តែចូលទឹកទី២ប្រហែលជាយ៉ាប់ហើយ»។

កីឡាករ Jarred Brooks

«នៅទឹកទី១ប្រហែលជាបាញ់ដូចព្យុះ ប៉ុន្តែនរណាដឹង បើចូលទឹកទី២គឺជាឱកាសរបស់ DJ ហើយ»។

កីឡាការិនី Jihin Radzuan

«ក្បាច់វ៉ៃឈររបស់ DJ ក៏មិនអាចមើលស្រាលបានដែរ ហើយខ្ញុំគិតថា គាត់អាចតតាំងជាមួយ Rodtang បាន ប៉ុន្តែនឹងពិបាកសម្រាប់គាត់។ Rodtang ប្រហែលជាបញ្ឈប់ DJ តាមរយៈការទាត់ជើងក្រោម។ ខ្ញុំគិតថា ជំនាញក្រោមរបស់ Rodtang មិនអាចទប់ទល់បានទេ»។

  • អត្ថ​បទ​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ SPORTREFRESH