Wayne Rooney វីរបុរសក្លិប Manchester United បានលើកឡើងថា នេះប្រហែលជាពេលដ៏ត្រឹមត្រូវដែល Paul Pogba ត្រូវចាកចេញពីក្លិបបិសាចក្រហម ទៅលេងនៅក្លិបថ្មី។
កីឡាករដែលមានតម្លៃខ្លួនបំបែកកំណត់ត្រានៅ Old Trafford បានក្លាយជាក្តីសង្ឃឹមដ៏ខ្លាំងក្លារបស់អ្នកគាំទ្រ កាលឆ្នាំ២០១៦ ប៉ុន្តែជាច្រើនរដូវកាលមកនេះ Pogba ពុំបានបង្ហាញទម្រង់លេងល្អ ដូចអ្វីដែលអ្នកគាំទ្ររំពឹងទុកនោះទេ។ កីឡាករវ័យ២៩ឆ្នាំ នឹងចប់កុងត្រាជាមួយ Man Utd នៅរដូវក្តៅនេះ ហើយ Rooney យល់ថា នេះជាពេលដែលរូបគេត្រូវចាកចេញហើយ។
អតីតខ្សែប្រយុទ្ធជម្រើសជាតិអង់គ្លេស បានប្រាប់ដល់ Sky Sports ថា៖ “ខ្ញុំគិតថាឥឡូវនេះ គឺជាពេលដ៏ស័ក្តិសម ហើយប្រហែលជាការល្អជាង ដែលគាត់ទៅកន្លែងផ្សេង។ ខ្ញុំបានមើលគាត់លេងឱ្យជម្រើសជាតិបារាំង គឺពិតជាខុសប្លែកគ្នា។ សមត្ថភាពរបស់គាត់ ចក្ខុវិស័យ និងការគ្រប់គ្រងបាល់ គឺល្អណាស់សម្រាប់ជម្រើសជាតិបារាំង។ ប៉ុន្តែវាហាក់ដូចជាមិនដំណើរការ ពេលគាត់នៅ Man Utd។ ខ្ញុំគិតថា មានកីឡាករពីរបីនាក់ ដែលត្រូវតែចាកចេញ”៕
ប្រភព៖ Goal