កម្ពុជា ជួបថៃ ជាលើកទី១០ នៅស៊ីហ្គេម

ក្រុមបាល់ទាត់អាយុក្រោម ២២ឆ្នាំ (U-22) កម្ពុជា បានស្ថិតនៅក្នុងពូល B ទល់នឹងថៃ ម៉ាឡេស៊ី សិង្ហបុរី និងឡាវ ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) លើកទី៣១ នៅទីក្រុងហាណូយ ប្រទេសវៀតណាម នាខែឧសភាខាងមុខ។

កម្ពុជា នឹងប្រកួតបើកឆាកទល់នឹង ឡាវ នាថ្ងៃទី៩ ខែឧសភា  មុនបន្តប៉ះសិង្ហបុរី ថ្ងៃទី១១ ខែឧសភា, ប៉ះថៃ ថ្ងៃទី១៤ ឧសភា និងប្រកួតបិទពូលទល់នឹងម៉ាឡេស៊ី ថ្ងៃទី១៦ ឧសភា។

កាលពីស៊ីហ្គេម ឆ្នាំ២០១៩ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ក្រុម U-22 កម្ពុជា បានបង្កើតកំណត់ត្រាល្អបំផុត ដោយអាចឆ្លងផុតពូល ឡើងទៅដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដែលកាលនោះ កម្ពុជា ស្ថិតនៅក្នុងពូលជាមួយមីយ៉ាន់ម៉ា ម៉ាឡេស៊ី ហ្វីលីពីន និងទីម័រ។

ងាកមកនិយាយក្រុមទាំង៤ ដែលកម្ពុជា​ត្រូវតតាំង​នៅ​ស៊ីហ្គេមឆ្នាំនេះវិញ គឺថៃ ជាក្រុមដែលយើងមានប្រវត្តិជូរចត់ខ្លាំងជាងគេ ដោយប៉ះគ្នាក្នុងពូល ៩ដងតាំងពីស៊ីហ្គេមឆ្នាំ១៩៩៥ មក កម្ពុជា មិនដែលឈ្នះថៃនោះទេ (ស្មើ១ដង ចាញ់៨ដង)។ ចំណែកម៉ាឡេស៊ី ជាក្រុមដែលកម្ពុជា បានយកឈ្នះ ៣-១ កាលពីស៊ីហ្គេមលើកចុងក្រោយ ឆ្នាំ២០១៩ ខណៈសិង្ហបុរី ជួបកម្ពុជា​លើកចុងក្រោយនៅស៊ីហ្គេមឆ្នាំ២០១៥ (សិង្ហបុរីឈ្នះកម្ពុជា ៣-១) រីឯទីម័រ ប៉ះកម្ពុជា ចុងក្រោយនាស៊ីហ្គេម ឆ្នាំ២០១៧ (ទីម័រឈ្នះកម្ពុជា ១-០)។

សម្រាប់ប្រវត្តិលម្អិតបន្ថែម និងរឿងរ៉ាវ​ជាច្រើនទៀត ទាក់ទងនឹងព្រឹត្តិការណ៍ស៊ីហ្គេមនេះ Sport Refresh នឹងផ្សាយជូនជាបន្តបន្ទាប់ទៀត៕

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

  • អត្ថ​បទ​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ SPORTREFRESH