Thomas Tuchel អ្នកចាត់ការក្រុម Chelsea បានលើកឡើងថា ក្រុមរបស់លោកត្រូវតែហ៊ានស្រម៉ៃ និងត្រូវការរៀបចំក្បួនដ៏អស្ចារ្យ ទើបអាចវាយបកទម្លាក់ Real Madrid ពី UEFA Champions League នៅទឹកដីអេស្ប៉ាញ នាយប់នេះបាន។
តោខៀវ ត្រូវបានក្រុមស្តេចស យកឈ្នះ ៣-១ នៅជើងទី១ វគ្គ៨ក្រុម នាកីឡដ្ឋាន Stamford Bridgeហើយនឹងត្រូវប្រកួតជើងទី២ នៅកីឡដ្ឋាន Bernabeu នៅយប់នេះ ខណៈដែលពួកគេជាក្រុមការពារតំណែងជើងឯក។
អ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់ បាននិយាយថា៖ “នេះជាបញ្ហាប្រឈមដ៏ធំបំផុតមួយ ដែលត្រូវទៅប្រកួតក្រៅដីនៅ Bernabeu។ វាកាន់តែពិបាក បើយើងចង់បានលទ្ធផលជាវិជ្ជមាន។ បើយើងត្រូវតែឈ្នះយ៉ាងតិច២គ្រាប់ ឬ៣គ្រាប់ឡើង វាជារឿងដ៏លំបាក និងស្ទើរតែមិនអាចទៅរួច ប៉ុន្តែវានៅតែមានតម្លៃក្នុងការព្យាយាម។ យើងគ្មានត្រូវការអ្វី ក្រៅពីការរៀបចំសេនារីយ៉ូ (ក្បួន) ដ៏អស្ចារ្យ ដែលយើងអាចវាយបកលើពួកគេបាននោះទេ”៕
ប្រភព៖ BBC