ក្រុមបាល់ទះក្នុងសាលជម្រើសជាតិកម្ពុជា ស្ថិតនៅក្នុងពូល B ជាមួយថៃ និងហ្វីលីពីន នៅស៊ីហ្គេម លើកទី៣១។ នេះបើយោងតាមសហព័ន្ធកីឡាបាល់ទះកម្ពុជា។ ការប្រកួតវិញ្ញសាបាល់ទះក្នុងសាល នឹងត្រូវធ្វើឡើងនៅសាលកីឡដ្ឋាន Quang Ninh ក្នុងខេត្ត Quảng Ninh ភាគខាងជើងប្រទេសវៀតណាម ចាប់ពីថ្ងៃទី១៣ ដល់ ២២ ឧសភា ២០២២។

ថៃ និង ហ្វីលីពីន សុទ្ធតែជើងខ្លាំងបាល់ទះ ក្នុងតំបន់អាស៊ាន។ កាលពីស៊ីហ្គេមចុងក្រោយ ឆ្នាំ២០១៩ ក្រុមទាំង២ សុទ្ធតែឆ្លងផុតពូល ឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដូចគ្នា ពោលគឺហ្វីលីពីន ឈ្នះមេដាយប្រាក់ ឯថៃ ឈ្នះមេដាយសំរិទ្ធ។
ក្រុមបាល់ទះក្នុងសាលកម្ពុជា បានជួបហ្វីលីពីនលើកចុងក្រោយ កាលពីស៊ីហ្គេម ២០១៩ ដែលកាលនោះ ហ្វីលីពីន បានឈ្នះកម្ពុជា ៣សិតទល់នឹង០ ដោយលទ្ធផល ២៩-២៧, ២៥-១៧, ២៥-១៧។
ចំណែកប្រវត្តិជួបថៃចុងក្រោយ គឺកាលពីស៊ីហ្គេម ២០១៧ ដែលកាលនោះ ថៃ បានឈ្នះកម្ពុជា ៣សិតទល់នឹង០ ដោយលទ្ធផល ២៥-១៣, ២៥-១៩, ២៥-១៧។

ក្រុមបាល់ទះកម្ពុជា ពេលប៉ះហ្វីលីពីន នៅស៊ីហ្គេម ២០១៩ (រូបភាព Rappler)
សម្រាប់ស៊ីហ្គេមឆ្នាំនេះវិញ ក៏ដូចជាឆ្នាំកន្លងមកដែរ ក្រុមលេខ១ និងលេខ២ ក្នុងពូល នឹងត្រូវឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ តើកម្ពុជា អាចឆ្លងផុតពូល បានដែរឬយ៉ាងណា?