លីគថៃ ផ្លាស់ប្ដូរកាលវិភាគប្រកួត ដើម្បីជម្រើសជាតិ U23 ពេញជើងនៅស៊ីហ្គេម

ក្រុមហ៊ុន Thai League បានផ្លាស់ប្ដូរកាលវិភាគប្រកួត​នៅ​ក្នុងការប្រកួត​ League និង Cup ដើម្បី​សម្រួល​មិនឲ្យប៉ះពាល់​ដល់​ការប្រកួត​របស់​​ក្រុមជម្រើសជាតិ U23 នៅព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣១ នៅទីក្រុងហាណូយ នាខែឧសភាក្រោយនេះ។ នេះបើតាមការចុះផ្សាយរបស់ Bangkok Post។

ទាំងក្រុមហ៊ុន និងតំណាង​ក្លឹបទាំងអស់ បានឯកភាព​គ្នា​នៅក្នុងកិច្ច​ប្រជុំ​កាលពីថ្ងៃអង្គារ ដោយ​ប្ដូរ​ការប្រកួតជុំចុងក្រោយ Thai League 1 ពីថ្ងៃទី៧ ឧសភា មកថ្ងៃទី៤ ឧសភាវិញ។ ចំណែក​ការប្រកួត League Cup វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដែលដំបូងឡើយ​ត្រូវលេងថ្ងៃ១១ ឧសភា នឹងត្រូវ​ប្ដូរទៅលេងថ្ងៃទី២៥ ឧសភាវិញ។ រីឯការប្រកួត FA Cup វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នឹងបន្តធ្វើនៅថ្ងៃទី១៨ និង២២ ឧសភាដដែល មិនមានការផ្លាស់ប្ដូរនោះទេ។

កិច្ចប្រជុំនេះ​ ត្រូវបានធ្វើឡើងបន្ទាប់​ពី​លោកស្រី Nualphan Lamsam អ្នកចាត់ការក្រុមជម្រើសជាតិ​ថៃ បានស្នើឲក្លឹបទាំងអស់ អនុញ្ញាតិ​ឲ្យកីឡាករ​ចូល​លេង​តាមការកោះហៅ។ បន្ថែមលើនេះ លោកស្រីក៏បាន​តែងតាំង​គ្រូឈុតធំ Mano Polking ឲ្យដឹកនាំ U23 ថៃ សម្រាប់ស៊ីហ្គេមនេះផងដែរ។

លោកស្រី Nualphan Lamsam

ក្រុម U23 ថៃ នឹងចាប់ផ្ដើមយុទ្ធនាការ​ស៊ីហ្គេម នាថ្ងៃទី៧ ឧសភា ដោយត្រូវប៉ះម៉ាឡេស៊ី មុនបន្តប៉ះសិង្ហុបុរី ថ្ងៃ៩ ឧសភា, ប៉ះកម្ពុជា ថ្ងៃ១៤ ឧសភា និងប៉ះឡាវ ថ្ងៃ១៦ ឧសភា។ ការប្រកួតផ្ដាច់ព្រ័ត្រ វិញ្ញាសាបាល់ទាត់បុរស​ នឹងធ្វើឡើងនៅថ្ងៃទី២២ ឧសភា ២០២២៕

  • ភ្ជាប់ទំនាក់ទំនងជាមួយ SPORTREFRESH