ដឹងពីការត្រៀមខ្លួនរបស់ U-23 ម៉ាឡេស៊ី គូប្រជែងកម្ពុជា​នៅស៊ីហ្គេមឆ្នាំនេះ

ក្រុម U-23 ម៉ាឡេស៊ី ជាក្រុមមួយក្នុងចំណោម​ក្រុមទាំង ៤ ដែលត្រូវប៉ះកម្ពុជា ក្នុងវិញ្ញាសាបាល់ទាត់បុរស​នៅស៊ីហ្គេម លើកទី៣១ នៅទីក្រុងហាណូយ ប្រទេសវៀតណាម ខែឧសភា​ឆ្នាំនេះ។

តើក្រុមនេះ បានត្រៀមខ្លួនយ៉ាងណាខ្លះ ដើម្បីស្ដារមុខមាត់ឡើងវិញ ក្រោយធ្លាក់ក្នុងពូលកាលពីស៊ីហ្គេម ២០១៩?

ក្រោមការដឹកនាំរបស់គ្រូបង្គោលជនជាតិអូស្រ្ដាលី Brad Maloney ក្រុម U-23 ម៉ាឡេស៊ី បានចាប់ផ្ដើមបោះជំរំហ្វឹកហាត់ពីថ្ងៃទី១៩ ខែមេសា​នេះទៅ ដោយមានកីឡាករ​ក្នុងបញ្ជីបឋម​ចំនួន ៣១នាក់ សុទ្ធសឹងជាកីឡាករ​ក្រោមអាយុ ២៣ឆ្នាំទាំងអស់ មិនមានកីឡាករលើសអាយុ​នោះទេ។

ទាក់ទងបញ្ហានេះ លោក Maloney បានថ្លែងប្រាប់វិបសាយកីឡាម៉ាឡេស៊ី Snesports ថា៖ “ទោះបីជា​ក្រុមនីមួយៗ មានជម្រើស​អាចបញ្ចូលកីឡាករ​លើសអាយុបាន ២នាក់​ក៏ដោយ ក៏យើងសម្រេច​មិនយក​ជម្រើសនោះទេ។ ខ្ញុំ​ចង់យកការប្រកួតស៊ីហ្គេមនេះ ជាការរៀបចំក្រុម​ឲ្យបានល្អ ដើម្បីឆ្ពោះទៅកាន់ពាន​រង្វាន់ AFC U23 Asian Cup”។

អ្វីដែលគួរឲ្យចាប់អារម្មណ៍ គឺក្នុងចំណោមកីឡាករទាំង ៣១រូបនោះ មានដល់ទៅ ១១នាក់មកពីក្រុមពាក់កណ្ដាលតារាង Selangor និង ៩នាក់មកពីក្រុម Terengganu ខណៈ​ក្រុមកំពូល​តារាង​លីគ​កំពូលម៉ាឡេស៊ី Johor Darul Ta’zim មានតែ ៤នាក់ប៉ុណ្ណោះ។

បញ្ជីឈ្មោះកីឡាករ U-23 ម៉ាឡេស៊ី ទាំង ៣១រូប

អំឡុងពេលបោះជំរំហ្វឹកហាត់នេះដែរ ក្រុម U-23 ម៉ាឡេស៊ី នឹងប្រកួតមិត្តភាព​បិទទ្វារ​ចំនួន ២ប្រកួត ដោយត្រូវប៉ះ​ U-23 ទីម័រ ថ្ងៃទី២៩ មេសា និងប៉ះ U-23 ហ្វីលីពីន ថ្ងៃទី១ ខែឧសភា។

នៅស៊ីហ្គេមឆ្នាំនេះ ម៉ាឡេស៊ី ស្ថិតក្នុងពូល B ជាមួយកម្ពុជា ថៃ សិង្ហបុរី និងឡាវ។ ប្រកួតដំបូងម៉ាឡេស៊ី ប៉ះថៃ នាថ្ងៃ៧ ឧសភា មុនបន្តប៉ះឡាវ (១១ ឧសភា), ប៉ះសិង្ហបុរី (១៤ ឧសភា) និងប៉ះកម្ពុជា​នាប្រកួតចុងក្រោយ ថ្ងៃទី១៦ ឧសភា។ កាលពីស៊ីហ្គេម ឆ្នាំ២០១៩ ក្រុមនេះបានត្រឹមធ្លាក់ក្នងពូល ដែលក្នុងនោះ​ក៏មានបរាជ័យក្រោមថ្វីជើងកម្ពុជា ៣-១ ផងដែរ៕

លោក Brad Maloney គ្រូបង្គោលក្រុម U-23 ម៉ាឡេស៊ី

 

  • អត្ថ​បទ​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ SPORTREFRESH