ទេស សម្បត្តិ និងលឹម ពិសុទ្ធ ដែលជាកម្លាំងសំខាន់ក្នុងក្រុមជម្រើសជាតិអាយុក្រោម ២៣ឆ្នាំកម្ពុជា សុទ្ធតែជួបបញ្ហារបួសដូចគ្នា នារយៈពេលចុងក្រោយនេះ។ តើកីឡាករទាំង២ អាចជាពីរបួស ទាន់ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣១ នៅទីក្រុងហាណូយ ប្រទេសវៀតណាម ខែក្រោយនេះដែរឬទេ?
តាមការចុះផ្សាយរបស់ Cambodia 2023 បានឲ្យដឹងថា ទេស សម្បត្តិ មិនអាចជាសះស្បើយ ទាន់ស៊ីហ្គេមឆ្នាំនេះនោះទេ។ ខ្សែការពារ វ័យ២២ឆ្នាំ បានឲ្យដឹងថាខ្លួននឹងត្រូវសម្រាកប្រហែលជាលើស ៣សប្ដាហ៍ទៀត គ្រាដែលស៊ីហ្គេម ២០២២ នឹងមកដល់នៅអំឡុង ២សប្ដាហ៍ខាងមុខនេះ ដែលជាហេតុធ្វើឲ្យរបួសពុំអាចជាសះស្បើយទាន់ពេលវេលាឡើយ។
កីឡាកររបស់ក្លិបវិសាខារូបនេះបានរៀបរាប់ទាំងសោកស្ដាយថា ៖«ខ្ញុំពិតជាសោកស្ដាយណាស់ ព្រោះវាជាស៊ីហ្គេម ចុងក្រោយសម្រាប់ខ្ញុំផង។ គោលដៅខ្ញុំគឺតាំងពីចប់ពានស៊ីហ្គេម លើកមុនម្ល៉េះ ហើយវាជាគោលដៅធំសម្រាប់អាជីពរបស់ខ្ញុំដែរ។ ខ្ញុំរឹតតែចង់លេងពានមួយនេះ បន្ទាប់ពីខ្ញុំបានចាញ់ទីម័រខាងកើត ពេលលេងក្នុងទឹកដីខ្លួនឯង។ ខ្ញុំឈឺចាប់ចំពោះអ្នកមើលងាយប្រទេសរបស់ខ្ញុំ និងអ្នកស្អប់រូបខ្ញុំផ្ទាល់ ហើយខ្ញុំតាំងចិត្តថានឹងធ្វើអោយគេស្គាល់ពីអ្វីដែលខ្ញុំមាន និងប្ដូរការគិតរបស់ពួកគេ ប៉ុន្តែជាអកុសលដោយសាររបួស ធ្វើអោយខ្ញុំបាត់បង់ឱកាស។ តែខ្ញុំនៅតែជឿជាក់ថា ពួកគេនឹងធ្វើបានសម្រាប់ការប្រកួតខាងមុខ សំណាងល្អអ្នកទាំងអស់គ្នា»។
ចំណែក លឹម ពិសុទ្ធ វិញ បានប្រាប់ថារបួសរបស់ខ្លួន ជិតជាសះស្បើយហើយ ពោលគឺអាចជាទាន់ការប្រកួតស៊ីហ្គេម។ កីឡាករវ័យ ២០ឆ្នាំរូបនេះ បានប្រាប់ថា ៖«ខ្ញុំបានចូលហាត់វិញហើយ ដោយគិតមកទល់ពេលនេះគឺធូរស្បើយប្រហែល៩០%ដែរហើយ។ ខ្ញុំប្រហែលជាអាចចូលលេងវិញបាននៅសប្ដាហ៍នេះ តែអាស្រ័យលើគ្រូបង្វឹក គាត់ដាក់លេង ឬមិនដាក់»។
ដំបូងឡើយ លឹម ពិសុទ្ធ មិនរំពឹងថា រូបគេអាចចូលរួមក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២២ នៅវៀតណាម ដែលគ្រោងចាប់ផ្ដើមដើមខែក្រោយនោះទេ ប៉ុន្តែយោងលើស្ថានភាពពេលនេះ រូបគេហាក់មានសង្ឃឹមខ្លះៗថា អាចនឹងមានឱកាសជាប់ទៅលេងស៊ីហ្គេម ជាលើកដំបូងក្នុងអាជីពរបស់ខ្លួន។
ពេលចោទសួរថា តើរបួសនេះអាចនឹងជាសះស្បើយទាន់កីឡាស៊ីហ្គេម នៅប្រទេសវៀតណាមដែរឬទេ? កីឡាករដែលបង្ហាញខ្លួនបាន៩ដងឲ្យជម្រើសជាតិកម្ពុជាក្រុមធំរូបនេះ បានឆ្លើយតបយ៉ាងដូច្នេះថា ៖«បាទ! ខ្ញុំគិតថា ប្រហែលជាអាចនឹងទាន់ ព្រោះឥឡូវនេះ ខ្ញុំចូលហ្វឹកហាត់ជាមួយក្រុមវិញបានហើយ»៕
ប្រភព៖ Cambodia 2023