សហព័ន្ធខ្មែរកីឡាហែលទឺក បានបញ្ចេញឈ្មោះកីឡាករ កីឡាការិនី ចំនួន ១៦នាក់ ទៅចូលរួមព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣១ នៅប្រទេសវៀតណាម នាខែឧសភាខាងមុខនេះ។ ក្នុងចំណោម ១៦នាក់នោះ មាន ៦នាក់ ជាកីឡាករ កីឡាការិនីហែលជេីងទា និង ១០នាក់ទៀតជាកីឡាករ កីឡាការិនីហែលទឹក។
សម្រាប់វិញ្ញាសាហែលជើងទា (Fin Swimming) ដែលជាវិញ្ញាសាថ្មីសម្រាប់កម្ពុជា បង្វឹកដោយអតីតកីឡាករជម្រើសជាតិ ហែម ថុនពន្លឺ។ វិញ្ញាសានេះ ប្រកួតពីថ្ងៃទី២១ ដល់ ២២ ឧសភា ដែលមានកីឡាករ កីឡាការិនី ៦នាក់ រួមមាន៖ កីឡាការិនី កាំង មុយនីន, កីឡាការិនី ឃឺន ប៊ុនពេជ្រមរកត, កីឡាករ ឆោម ច័ន្ទថន, កីឡាករ លឹម កែវឧត្តម, កីឡាករ ទួន ទិត្យសត្យា និងកីឡាករ លឹម សុខវឌ្ឍន៏នន្ទ។
សូមបញ្ជាក់ផងដែរថា លក្ខណៈបច្ចេកទេសនៃហែលជើងទានេះត្រូវបានបែងចែកជាពីរ គឺ Bi Fin ដោយត្រូវហែលតាមរបៀបសេរី និងបំពាក់បំពង់ដកដង្ហើមមិនអនុញ្ញាតឲ្យងើបមុខទេ។ ចំណែកឯវិញ្ញាសា Surface ត្រូវបំពាក់ជើងទាធំ (ដូចកន្ទុយត្រី) ដោយមិនហែលទេ គឺគោះជើងសុទ្ធ និងប្រើបំពង់ដកដង្ហើមដូចគ្នា។
សម្រាប់កីឡាករ កីឡាការិនីហែលទឹក ទាំង ១០នាក់វិញ រួមមាន៖ កីឡាការិនី ឡូស៊ី តាន មីននិក, កីឡាការិនី វ័ច ហ្សង់ឆាយ, កីឡាការិនី សុខ វរល័ក្ខណ, កីឡាការិនី ឃឺន ចន្ទចរិយា, កីឡាករ ហែម ប៉ុច, កីឡាករ ប៊ុនណា ពៅពេជ្ជរ៉ា, កីឡាករ អ៊ួង លីហេង, កីឡាករ ឌឿន រ៉ាត់ធីឌុន, កីឡាករ ប៊ាន សុខហ៊ុយ, កីឡាករ មនត្រស ផានសុវណ្ណអារុន។ ការប្រកួតហែលទឹក នឹងចាប់ផ្ដើមពីថ្ងៃ១៤ ដល់ ១៩ ឧសភា ២០២២៕