Pep Guardiola អ្នកចាត់ការក្រុម Manchester City បានលើកឡើងថា ប្រវត្តិសាស្ត្រក្រុម Real Madrid ខ្លាំងយ៉ាងណានៅ UEFA Champions League គឺមិនសំខាន់នោះទេ សំខាន់គឺពេលនេះមានកីឡាករលេង១១នាក់ ទល់នឹង១១នាក់ ដូច្នេះក្រុមមេឃខៀវ ត្រូវតែព្យាយាមលេងឱ្យបានល្អបំផុត ដើម្បីឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ។
ក្រុមកំពូលតារាង Premier League នឹងប៉ះក្រុមកំពូលតារាង La Liga ក្នុងជើងទី១ នៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UEFA Champions League នាកីឡដ្ឋាន Etihad យប់នេះ។ ក្រុមរបស់ Pep បានចាញ់ Chelsea ១-០ នៅវគ្គផ្តាច់ព្រ័ត្រលើកដំបូង កាលរដូវកាលមុន ខណៈដែល Real Madrid ធ្លាប់ឈ្នះពាននេះជាច្រើនជាងគេក្នុងប្រវត្តិសាស្ត្រដល់ទៅ ១៣ដង។
អ្នកចាត់ការសញ្ជាតិអេស្ប៉ាញ បាននិយាយថា៖ “វាមិនសំខាន់ទេ ដែលនិយាយថា Real Madrid ល្អកម្រិតណា។ បើយើងត្រូវប្រកួតប្រជែងជាមួយប្រវត្តិសាស្ត្ររបស់ពួកគេ នោះយើងគ្មានឱកាសទេ។ ប្រវត្តិសាស្ត្រគឺប្រវត្តិសាស្ត្រ យើងមិនអាចផ្លាស់ប្តូរទេ ប៉ុន្តែនេះជារឿង ១១នាក់ទល់នឹង១១នាក់ ជាមួយចលនារបស់បាល់។ យើងនឹងព្យាយាមឱ្យបានល្អបំផុត។ យើងត្រូវការ២ប្រកួតដ៏អស្ចារ្យ ដើម្បីអាចឡើងទៅវគ្គផ្តាច់ព្រ័ត្រ”៕
ប្រភព៖ BBC