ក្នុងចំណោម ២០រូបដែលជាប់ឆ្នាំនេះ មានតែ ៤រូបប៉ុណ្ណោះ ធ្លាប់ជាប់ឈ្មោះកាលពីស៊ីហ្គេម ២០១៩

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបញ្ចេញឈ្មោះកីឡាករ​ទាំង ២០រូប ក្នុងបញ្ជីចុងក្រោយ ដើម្បីទៅប្រកួតប្រជែងលើវិញ្ញាសាបាល់ទាត់បុរស (U23) នៅស៊ីហ្គេម លើកទី៣១ នៅទីក្រុងហាណូយ ប្រទេសវៀតណាម ខែឧសភានេះ។

ក្នុងចំណោម ២០រូបនោះ មានកីឡាករ ៤រូប ដែលធ្លាប់មានឈ្មោះកាលពីស៊ីហ្គេម​ចុងក្រោយ ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន ពោលគឺពេលដែលកម្ពុជា បំបែក​កំណត់ត្រា ឆ្លងផុត​វគ្គចែកពូល ឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។

កីឡាករទាំង ៤រូបនោះ មានដូចខាងក្រោម៖

១. សៀង ចន្ធា៖ ចន្ធា មានអាយុត្រឹម ១៧ឆ្នាំប៉ុណ្ណោះកាលពីស៊ីហ្គេម ២០១៩ ប៉ុន្តែជាតួអង្គសំខាន់មិនអាចខ្វះបានសម្រាប់កម្ពុជា។ ខ្សែប្រយុទ្ធ​រូបនេះ ស៊ុត​បញ្ចូលទីបាន ២គ្រាប់ក្នុងវគ្គចែកពូល និងស៊ុត១គ្រាប់ក្នុងវគ្គដណ្ដើមមេដាយសំរិទ្ធ ដែលជាប់បាល់ស៊ុតបញ្ចូលទីលឿនបំផុតនៅស៊ីហ្គេម (នាទីទី១)។

២. ម៉ៅ ពិសិដ្ឋ៖ ពិសិដ្ឋ ដែលមានវ័យ ១៩ឆ្នាំកាលពីស៊ីហ្គេម ២០១៩ ក៏ជាកីឡាករសំខាន់១រូបដែលរួមចំណែក​ឲ្យកម្ពុជា ឡើងផុតវគ្គចែកពូលផងដែរ។

៣. ហ៊ុល គឹមហ៊ុយ៖ អ្នកចាំទីដែលមានវ័យ ១៩ឆ្នាំកាលពីស៊ីហ្គេម ២០១៩ រូបនេះ ជាអ្នកចាំទីឆ្លាស់គ្នាជាមួយកែវ សុខសិលា ដែលពួកគេទាំង២ សុទ្ធតែធ្វើបានល្អដូចគ្នា។

៤. យ៉ើ សាហ្វី៖ សាហ្វី មានវ័យ ២១ឆ្នាំ កាលពីស៊ីហ្គេម ២០១៩ គឺជាដៃគូការពារដ៏រឹងមាំជាមួយទេស សម្បត្តិ។

ពួកគេទាំង ៤រូបខាងលើ សុទ្ធតែស្ថិតក្នុងចំណោមកីឡាករទាំង ២០រូប ដែលត្រៀមចេញទៅស៊ីហ្គេមនៅវៀតណាម នាដើមខែឧសភានេះ។ កម្ពុជា ស្ថិតក្នុងពូលជាមួយថៃ សិង្ហបុរី ម៉ាឡេស៊ី និងឡាវ៕

  • អត្ថ​បទ​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ SPORTREFRESH