Robert Lewandowski បានឲ្យដឹងថាពេលវេលានៃអាជីពរបស់ខ្លួននៅ Bayern Munich បានបញ្ចប់ហើយ។ ខ្សែប្រយុទ្ធអន្តរជាតិប៉ូឡូញ ក៏បញ្ជាក់ដែរថាខ្លួននឹងចាកចេញពីក្លឹបយក្សអាល្លឺំម៉ង់ ស្របពេលដែលកំពុងទទួលបានការចាប់អារម្មណ៍ពី Barcelona។
កីឡាករវ័យ ៣៣ឆ្នាំ ដែលចំណាយពេល ៨ឆ្នាំនៅ Bayern Munich បាននិយាយខ្លួនមិនមានបំណងលេងឲ្យក្រុមជើងឯកអាល្លឺម៉ង់ទៀតទេ ហើយរំពឹងថា Bayern នឹងយល់ព្រមលក់រូបគេនាពេលនេះ ជាជាងទុកឲ្យក្លាយជាកីឡាករ Free agent នាឆ្នាំក្រោយ។
Lewandowski បាននិយាយប្រាប់អ្នកកាសែតអំឡុងពេលហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិប៉ូឡូញថា “អាជីពរបស់ខ្ញុំនៅ Bayern បានដល់ទីបញ្ចប់ហើយ។ មិនមានភាគរយណាមួយ ដែលខ្ញុំនឹងបន្តលេងនៅក្លឹបនេះទៀតទេ”។
ខ្សែប្រយុទ្ធរូបនេះ បន្តថា ”Bayern គឺជាក្លឹបដ៏អាជីពមួយ ហើយខ្ញុំមិនជឿថាពួកគេមិនព្រមលក់ខ្ញុំនោះទេ។ ខ្ញុំមិនចង់លេងទៀត ដូច្នេះការដោះដូរ គឺជាជម្រើសល្អបំផុត។ ខ្ញុំសង្ឃឹមថាពួកគេមិនបញ្ឈប់ខ្ញុំពីការចាកចេញនោះទេ”។
ការលើកឡើងខាងលើនេះ បានបង្ករឲ្យមានការមិនសប្បាយចិត្តពីនាយកប្រតិបត្តិក្លឹប លោក Oliver Kahn។ អតីតអ្នកចាំទីរូបនេះ បាននិយាយថា “ខ្ញុំមិនអាចប្រាប់បានទេ ថាហេតុអ្វី Robert ជ្រើសរើសផ្លូវនេះ។ ការថ្លែងជាសាធារណៈបែបនេះ មិនធ្វើឲ្យអ្នកអាចទៅណាបាននោះទេ។ Robert បានក្លាយជាកីឡាករល្អបំផុតក្នុងលោក ២ដងជាប់គ្នានៅទីនេះ។ ខ្ញុំគិតថាគាត់គួរដឹងហើយថាគាត់មានអ្វីនៅ Bayern”។
គួរបញ្ជាក់ផងដែរថា រយៈពេល ៨ឆ្នាំនៅ Bayern ខ្សែប្រយុទ្ធកម្ពស់ ១,៨៥ម៉ែត្រ បានស៊ុតបញ្ចូលទី ៣៤៤គ្រាប់ ក្នុងការបង្ហាញខ្លួន ៣៧៤ប្រកួត៕