ខ្សែបម្រើការពារ (defensive midfield), ខ្សែការពារកណ្ដាល (central defence) និងខ្សែប្រយុទ្ធកណ្ដាល (centre forward) គឺជាតំបន់ ៣ ដែលលោក Erik ten Hag ត្រូវពង្រឹងជាបន្ទាន់ ក្រោយចូលកាន់តំណែងជាអ្នកចាត់ការក្រុម Manchester United។
បច្ចុប្បន្ន ក្លឹបបិសាចក្រហមកំពុងចាប់អារម្មណ៍ Frenkie de Jong របស់ Barcelona, Pau Torres របស់ Villarreal, Ruben Neves របស់ Wolves និង Jurrien Timber នៅ Ajax។ យ៉ាងណាក្ដី United នឹងប្រុងប្រយ័ត្នបំផុតក្នុងការទិញដូរកីឡាករ ទោះបីក្លឹបទទួលបានប្រាក់ចំណូលកើនឡើងដល់ទៅ ២៩% ក្នុងត្រីមាសនេះក៏ដោយ។
បន្ថែមលើនេះ តាមការចុះផ្សាយរបស់ The Daily Telegraph បានឲ្យដឹងថា បិសាចក្រហមបានចាប់ផ្ដើមគោលការណ៍ថ្មីផងដែរ ជុំវិញការទិញដូរកីឡាករ ពោលគឺនឹងមានការត្រួតពិនិត្យមើលយ៉ាងស៊ីជម្រៅ ទៅលើកីឡាករនីមួយៗ ទាំងអត្តចរិត និងប្រវត្តិនាពេលកន្លងមក។ លោក Ten Hag បានជួបជាមួយនាយកផ្នែកដោះដូរកីឡាកររបស់ក្លឹប ហើយបានធ្វើការជាមួយគ្នាដើម្បីកសាងក្លឹបឲ្យក្លាយជាក្លឹបឈ្នះពានឡើងវិញ ទាំងនៅក្នុងស្រុក និងនៅតំបន់អឺរ៉ុប។
អ្នកចាត់ការសញ្ជាតិហូឡង់ បានធ្វើឲ្យប្រាកដពីតម្រូវការរបស់ខ្លួន ពោលគឺរាល់ការទិញកីឡាករថ្មី អាចដំណើរការទៅបាន លុះត្រាតែមានលោក Ten Hag និងលោក John Murtough នាយកផ្នែកបាល់ទាត់របស់ក្លឹប យល់ព្រម៕