កាលនៅយុវជន Edouard Mendy ចូលហ្វឹកហាត់បាល់ទាត់នៅក្លិប Le Havre Caucriauville, Le Havre និង CS Municipaux Le Havre។ កាលពី ៧ឆ្នាំមុន ពោលនៅឆ្នាំ ២០១៤ Edouard Mendy ជាមនុស្សម្នាក់អត់ការងារធ្វើឬ អត់មានក្លិបលេងក្រោយអស់កិច្ចសន្យានៅក្លិប AS Cherbourg នៃលីគទី៣ប្រទេសមិនបន្តកិច្ចសន្យាឲ្យទេ។
បន្ទាប់មកគេតម្រង់ជួរស្វែងរកការងារធ្វើនៅមជ្ឈមណ្ឌលមួយ។ ត្រឹមអាយុ ២២ ឆ្នាំគេបានចុះឈ្មោះថាអត់ការងារធ្វើ និងបានធ្វើការងារក្រៅពីបាល់ទាត់។
ក្រោយមកទៀត តាមការណែនាំរបស់មិត្តភ័ក្ដិ គេក៏បានទៅហ្វឹកហាត់និងធ្វើតេស្តនៅ Marseille។ ក្លិបនៅបារាំងមួយនេះ ចុះកុងត្រាយកគេ ប៉ុន្តែ ក្នុងនាមអ្នកចាំទីជម្រើសទី៤ និងឲ្យទៅលេងនៅឈុត Marseille B។
Mendy លេងក្នុងឈុត Marseille B នៅរដូវកាល ២០១៥-២០១៦ និងអាចផ្លាស់ទៅកាន់ Reims ដែលរួមចំណែកឲ្យក្លិបនេះលើកពាន Ligue 2 រដូវកាល ២០១៧-២០១៨ ក្រោយបាន ៣៤ លើក និង របូតគ្រាប់បាល់ ២៤ គ្រាប់។
បន្ទាប់ពីលេងបានល្អនារដូវកាលដំបូងនៅ Ligue 1 នាំឲ្យក្លិប Rennes ទិញយកអ្នកចាំទីសេណេហ្គាល់ក្នុងតម្លៃ ៣,៥ លានផោន កាលពីរដូវកាល ២០១៩-២០២០។ Mendy មិនរបូតគ្រាប់បាល់រហូតដល់ ១៣ ដង ក្នុងការបង្ហាញខ្លួន ៣៣ លើកនៅ Ligue 1។ ដោយបន្តលេចធ្លោនៅ Rennes នៃលីគកំពូលប្រទេសបារាំង អតីតអ្នកចាត់ការតោខៀវ Frank Lampard ក៏ទិញរូបគេមក Stamford Bridge ក្នុងតម្លៃ ២២ លានផោន។
ក្នុងមួយរដូវកាល ២០២០-២០២១ នៅ Chelsea អ្នកចាំទីវ័យ ២៩ ឆ្នាំ មិនរបូតគ្រាប់បាល់ ៩ ដង (Clean Sheet) នៅ UCL ស្មើ កំណត់ត្រារបស់ Santiago Canizares របស់ Valencia នៅរដូវកាល ២០០០-២០២១ និង Keylor Navas របស់ Real Madrid នៅរដូវកាល ២០១៥-២០១៦ ក្នុងការប្រកួតមួយរដូវកាល។
នៅ Premier League រដូវកាលដំបូង ២០២០-២០២១ Mendy មិនរបូត ១៦ដង ក្នុង ៣១ ប្រកួត។
រដូវកាលដំបូងនៅ Chelsea ៖
ផ្ដាច់ព្រ័ត្រ FA Cup
ជាប់លេខ៤នៅ Premier League
ឈ្នះ Champions League
ដោយ SR